(ភ្នំពេញ)៖ លីហ្សា ជាឈ្មោះហៅក្រៅរបស់ស្ត្រីជនជាតិប្រេស៊ីលមួយរូប ដែលបានមករស់នៅក្នុងប្រទេសកម្ពុជាអស់រយៈពេល ១០ឆ្នាំមកហើយ។
អ្នកស្រី លីហ្សា ក្នុងបទសម្ភាសន៍ខ្លីមួយជាមួយ Fresh News ពេលយកកូនធម៌របស់ខ្លួនមកចាក់វ៉ាក់សាំងនោះ បានប្រាប់ឱ្យដឹងថា អ្នកស្រីមករស់នៅកម្ពុជា ដោយបម្រើការងារនៅក្នុងអង្គការមួយដែលធ្វើសកម្មភាពផ្នែកលើការអប់រំ។
ការរស់នៅក្នុងប្រទេសកម្ពុជារយៈពេល១០ឆ្នាំមកនេះ ធ្វើឱ្យអ្នកស្រី លីហ្សា អាចនិយាយភាសាខ្មែរបានច្រើន ហើយក៏ធ្វើឱ្យអ្នកស្រីជាប់ចិត្តស្រឡាញ់ប្រទេស និងប្រជាជនកម្ពុជាផងដែរ។
បច្ចុប្បន្ននេះ អ្នកស្រី លីហ្សា កំពុងរស់នៅក្នុងរាជធានីភ្នំពេញ ហើយអ្នកស្រីក៏ដូចជាជនជាតិខ្មែរដទៃទៀតដែរ គឺបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួនពីរដូសរួចហើយ។ កាលពីថ្ងៃចន្ទ កន្លងទៅនេះ អ្នកស្រី ក៏បានយកកូនធម៌របស់ខ្លួនអាយុ១៦ឆ្នាំ ទៅចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យកុមារជាតិ។
និយាយដល់រឿងចាក់វ៉ាក់សាំងនេះ អ្នកស្រី លីហ្សា បានសរសើរដល់ការដឹកនាំរបស់រាជរដ្ឋាភិបាល និងការដាក់ចេញផែនការចាក់វ៉ាក់សាំងបានលឿនជូនប្រជាពលរដ្ឋ។ អ្នកស្រី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ធ្វើបានល្អជាងប្រទេសរបស់គាត់ ដែលមកដល់ពេលនេះការចាក់វ៉ាក់សាំងធ្វើបានតែមនុស្សចាស់ ហើយចាក់បានចំនួនតិចតួច ខណៈដែលក្មេងៗមិនទាន់មានឱកាសចាក់នៅឡើយ។
អ្នកស្រី លីហ្សា បានបញ្ជាក់ដូច្នេះ «នៅជនជាតិខ្ញុំខុសគ្នា។ នៅទីនោះ គេចាក់មនុស្សចាស់ៗ ក្មេងៗអត់ទេ នៅទីនេះ [កម្ពុជា] ល្អជាង។ នៅទីនេះការចាក់វ៉ាក់សាំងល្អជាងនៅប្រេស៊ីល»។
ក្រៅតែពីការសរសើរការចាត់ចែងរឿងចាក់វ៉ាក់សាំងហើយនោះ អ្នកស្រី លីហ្សា ក៏បានសរសើររាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ថា បានធ្វើឱ្យភាពប្រសើរឡើងជាច្រើន។
ព្រោះតែការងារបម្រើដល់ការអប់រំតាមជនបទ បានធ្វើឱ្យអ្នកស្រី លីហ្សា ធ្វើដំណើរទៅកាន់ខេត្តជាច្រើនក្នុងរយៈពេល ១០ឆ្នាំមកនេះ។ ស្ត្រីជនជាតិប្រេស៊ីលរូបនេះ បានមើលឃើញពីការអភិវឌ្ឍជាច្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាវិស័យដទៃទៀត។
អ្នកស្រី លីហ្សា បានលើកសរសើរពីការអភិវឌ្ឍនៅកម្ពុជាយ៉ាងដូច្នេះ «ផ្លាស់ប្តូរមែនទែន ផ្លាស់ប្តូរល្អ។ ឥឡូវនេះផ្លូវល្អ មានកន្លែងល្អ ល្អណាស់។ ដប់ឆ្នាំហើយខ្ញុំឃើញរាជរដ្ឋាភិបាលនេះធ្វើការច្រើនសម្រាប់ប្រជាពលរដ្ឋកម្ពុជា»។
អ្នកស្រី លីហ្សា បានគូសបញ្ជាក់ដែរថា ជាមួយការរស់នៅកម្ពុជារយៈពេល ១០ឆ្នាំមកនេះ ធ្វើឱ្យអ្នកស្រីជាប់ចិត្តជាមួយប្រទេសកម្ពុជា ហើយចាត់ទុកកម្ពុជាដូចជាប្រទេសកំណើតរបស់ខ្លួន។ អ្នកស្រី មិនសូវជាទៅប្រទេសកំណើតរបស់ខ្លួននោះឡើយ ទោះនៅទីនោះមានក្រុមគ្រួសារដែលផ្តល់ភាពកក់ក្តៅសម្រាប់អ្នកស្រីក្តី។
ទន្ទឹមនឹងការស្រឡាញ់ប្រទេសកម្ពុជា អ្នកស្រី លីហ្សា ក៏ចង់បានសញ្ជាតិកម្ពុជាផងដែរ ប្រសិនបើរាជរដ្ឋាភិបាលផ្តល់ជូនអ្នកស្រី៕