(ភ្នំពេញ)៖ អាស៊ានបានសម្តែងនូវការកោតសរសើរចំពោះប្រទេសជប៉ុន សម្រាប់ការផ្តល់វ៉ាក់សាំងកូវីដ១៩ និងការគាំទ្រដល់ការស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ តាមរយៈហិរញ្ញវត្ថុអភិវឌ្ឍ និងការពង្រឹងភាពរឹងមាំតំបន់។ នេះបើសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ស្តីពីលទ្ធផលសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយជប៉ុន ដែលបានធ្វើឡើង នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំបានអះអាងជាថ្មី នូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងអាស៊ាន- ជប៉ុន តាមរយៈការអនុវត្តផែនការអនុវត្តនៃសេចក្តីប្រកាសចក្ខុវិស័យស្តីពីមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន៖ ចក្ខុវិស័យរួមគ្នា អត្តសញ្ញាណរួមគ្នា អនាគតរួមគ្នា ដែលត្រូវបានកែសម្រួលឡើងវិញ។

សេចក្តីប្រកាសព័ត៌មានដដែល បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អាស៊ានបានសម្តែងនូវការកោតសរសើរចំពោះប្រទេសជប៉ុនសម្រាប់ការផ្តល់វ៉ាក់សាំង ការគាំទ្រដល់ការស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ តាមរយៈហិរញ្ញវត្ថុអភិវឌ្ឍ និងការពង្រឹងភាពរឹងមាំតំបន់ តាមរយៈការបង្កើតមជ្ឈមណ្ឌលអាស៊ានសម្រាប់ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ និងជំងឺដែលកំពុងកើតមាន (ACPHEED)។ ទាំងអាស៊ាន និងជប៉ុន បានឯកភាពសម្រួលឱ្យមានការស្តារសេដ្ឋកិច្ចឡើងវិញឆាប់រហ័ស តាមរយៈការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការសកម្មភាពភាពភាពធន់រឹងមាំនៃសេដ្ឋកិច្ច របស់អាស៊ាន-ជប៉ុន និងការគាំទ្រដល់ការអនុវត្តក្របខ័ណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន»

ក្នុងកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានសង្កត់ធ្ងន់ពីការការគាំទ្រដ៏សប្បុរសរបស់ជប៉ុន ដល់សមាហរណកម្មតំបន់ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តាមរយៈ ក្របខ័ណ្ឌទ្វេភាគី និងពហុភាគី រួមមាន កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន។ ដោយទទួលស្គាល់ថា ជប៉ុនគឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់សម្រាប់អាស៊ាន លោកមានសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀង RCEP នឹងមានតម្លៃធំធេងចំពោះដំណើរការស្តារសេដ្ឋកិច្ចឡើងវិញនេះ។

ទន្ទឹមនឹងការទទួលស្គាល់ពីសារៈសំខាន់នៃការគំាទ្ររបស់ជប៉ុនដល់ពង្រឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ តំបន់ រួមទាំងប្រទេសកម្ពុជាផងដែរនោះ លោក ប្រាក់ សុខុន បានអំពាវនាវឱ្យមានគម្រោងសហប្រតិបត្តិការបន្ថែមទៀត ដើម្បីបង្កើតបានជាការសំយោគរវាងផែនការមេ ស្តីពីការតភ្ជាប់អាស៊ាន (MPAC) ឆ្នាំ ២០២៥ ជាមួយនិងភាពជាដៃគូទូលំទូលាយសម្រាប់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព៕