(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ នៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ បានដឹកនាំគណៈប្រតិភូអន្តរក្រសួង ឡើងការពារសេចក្តីព្រាងច្បាប់ចំនួន៣ នៅចំពោះមុខគណៈអចិន្ត្រៃយ៍ព្រឹទ្ធសភា។
គណៈអចិន្ត្រៃយ៍ព្រឹទ្ធសភា ដឹកនាំដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានបើកកិច្ចប្រជុំតាមអនឡាញ ដើម្បីពិនិត្យទៅលើសេចក្តីព្រាងច្បាប់ចំនួន៣រួមមាន៖ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(អាសិប), សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិបាលកម្ពុជា-ចិន និងសេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែង។
ក្នុងកិច្ចប្រជុំនោះលោករដ្ឋមន្ត្រី បានជម្រាបអង្គប្រជុំថា ដោយមានកិច្ចសហការគ្នាយ៉ាងល្អប្រសើរ និងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធសំខាន់ៗនោះ ក្រសួងពាណិជ្ជកម្ម បានសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាសិប កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងច្បាប់ស្តីពីការប្រកួតប្រជែងនេះទ្បើង ដែលជាសមិទ្ធផលដ៏សំខាន់ ក្នុងការខិតខំប្រឹប្រែងអនុវត្តទិសដៅការងារសំខាន់ៗ របស់រាជរដ្ឋាភិបាល។ ជាពិសេសការពង្រឹងសមត្ថភាពកម្ពុជា ដើម្បីបន្តសមាហរណកម្មខ្លួនចូលក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក។
លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា និងគណៈកម្មការជំនាញ អំពីខ្លឹមសារ និងអត្ថប្រយោជន៍សំខាន់ៗនៃសេចក្តីព្រាងច្បាប់ទាំង៣នេះផងដែរ។
លោករដ្ឋមន្ត្រី បានលើកឡើងថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំជាងគេមួយក្នងតំបន់ ដោយក្នុងនោះមានការចូលរួមពីប្រទេសជាសមាជិកអាស៊នចំនួន១០ និងប្រទេសជាដៃគូពាណិជ្ជកម្មសំខាន់ៗ ចំនួន៥ រួមមាន ចិន ជប៉ុន កូរ៉េ នូវែលហ្សេទ្បង់ និងអូស្រ្តាលី។
កិច្ចព្រមព្រាងនេះ អាចឈានដល់បង្កើតបានទីផ្សារចំនួន ២.២ពាន់លាននាក់ ឬ ៣០% នៃចំនួនប្រជាជនពិភពលោក ដែលមានផលិតផលក្នុងស្រុកសរុបរួមគ្នាប្រមាណ ២៦.២ទ្រីលានដុល្លាអាម៉េរិក ឬ ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និងមានចំនួនប្រមាណ ២៨% នៃទំហំពាណិជ្ជកម្មពិភពលោក (ផ្អែកលើទិន្នន័យឆ្នាំ២០១៩)។
កិច្ចព្រមព្រៀងអាសិប ជាកិច្ចព្រមព្រៀងដែលមានលក្ខណៈទំនើប ទូលំទូលាយ គុណភាពខ្ពស់ និងផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចឱ្យគ្នាទៅវិញទៅមក ដែលនឹងសម្រួលដល់ការពង្រីកខ្សែច្រវាក់ផ្គត់ផ្តង់ពាណិជ្ជកម្មនិងការវិនិយោគក្នុងតំបន់ ការផ្តល់សញ្ញាទៅកាន់ពិភពលោកអំពីការគាំទ្រប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគីដែលផ្អែកលើគោលការណ៍ច្បាប់ និងជាពិសេសការចូលរួមចំណែកក្នុងការស្តារសេដ្ឋកិច្ចកម្ពុជា និងតំបន់ឡើងវិញបានឆាប់រហ័សពីវិបត្តិកូវីដ-១៩។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា ផ្អែកតាមលទ្ធផលនៃការចរចា និងការសិក្សារបស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) បានបង្ហាញថា បន្ទាប់ពីបញ្ចប់កិច្ចព្រមព្រៀងអាសិបនេះ កម្ពុជាអាចនឹងមានកំណើនប្រចាំឆ្នាំ ការនាំចេញចំនួន ៧.៣% វិនិយោគចំនួន ២៣.៤% និងផលិតផលក្នុងស្រុកសរុបចំនួនប្រមាណ ២% លើផលិតផលក្នុងស្រុកសរុប ដែលមានបច្ចុប្បន្ន។
ដោយឡែកច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនវិញ ត្រូវបានលោករដ្ឋមន្ត្រីពាណិជ្ជកម្ម លើកឡើងថា កិច្ចព្រមព្រៀងនេះ ទទួលបានការបើកទីផ្សារឱ្យបានធំជាងមុន និងប្រសើរជាងមុន សម្រាប់មុខទំនិញកសិផល បន្លែផ្លែឈើ ផលិតផលកែច្នៃ និងសិប្បកម្ម និងផលិតផលជាច្រើនទៀត ស្របពេលដែលកម្ពុជាអាចផលិតបាន និងអនុលោមតាមវិធានអនាម័យ និងស្តង់ដារ។
កិច្ចព្រមព្រៀងនេះ ក៏អាចទទួលបានលំហូរទីផ្សារពាណិជ្ជកម្មសេវាកម្ម ដែលកម្ពុជាអាចនាំចេញ ក្នុងករណីមានការបណ្តុះបណ្តាលជំនាញ និងមានគុណវុឌ្ឍិគ្រប់គ្រាន់ ជាពិសេសនៅពេលដែលកម្ពុជាអាចពង្រឹងខ្លួនឯងឱ្យរឹងមាំក្នុងវិស័យសេវាកម្មនាពេលអនាគត។ ផ្តល់កាលានុវត្តភាពផ្នែកវិនិយោគដល់កម្ពុជាបានកាន់តែច្រើន ដែលនឹងផ្តល់ឱកាសដល់ធុរជនកម្ពុជា ដែលមានបំណងពង្រីកទីផ្សារសេវាកម្ម និងទំនិញនាំចេញឱ្យកាន់តែសម្បូរបែបទៅកាន់ទីផ្សារចិន។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ក៏ទទួលបានផលប្រយោជន៍ពីការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ និងជំនាញថ្មីៗពីការវិនិយោគផ្ទាល់របស់បរទេស ព្រមទាំងបង្កើតការងារថ្មីៗជូនប្រជាជនកម្ពុជា ហើយក៏ជាកត្តាដ៏សំខាន់ចូលរួមពង្រឹងដល់វិស័យផលិតកម្មក្នុងស្រុក។ ការកំណត់ឱ្យកាន់តែច្បាស់នូវរាល់នីតិវិធីទាក់ទងនឹងវិធានដើមកំណើតទំនិញ គយនិងសម្រួលពាណិជ្ជកម្ម អនាម័យ និងភូតគាមអនាម័យ និងរបាំងបច្ចេកទេសលើការធ្វើពាណិជ្ជកម្ម និងការធ្វើសាមញ្ញកម្ម ដើម្បីងាយស្រួលអនុវត្ត និងសម្រួលដល់ការធ្វើពាណិជ្ជកម្ម។ កិច្ចព្រមព្រាងនេះ ក៏អាចរៀបចំ និងការបង្កើតនូវបរិយាកាសវិនិយោគ និងនយោបាយទាក់ទាញវិនិយោគទុនពីបរទេសជាដើម។
រីឯច្បាប់ស្តីពីការប្រកួតប្រជែងវិញ ត្រូវបានលោក ប៉ាន សូរស័ក្តិ លើកឡើងថា ច្បាប់នេះ នឹងលើកទឹកចិត្តដល់ពាណិជ្ជករឱ្យធ្វើការប្រកួតប្រជែងដោយស្មើភាព និងស្មោះត្រង់ បង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច និងទាក់ទាញការវិនិយោគ ក៏ដូចជាការបង្កើតធុរកិច្ចថ្មីៗឱ្យបានច្រើន។ ការពារសេដ្ឋកិច្ចជាតិពីផលប៉ះពាល់ដែលបណ្ដាលមកពីការព្រមព្រៀងមិនស្របច្បាប់ សកម្មភាពបំពានដោយប្រើជំហរឧត្តមភាពលើទីផ្សារ និងការរួមបញ្ចូលគ្នានៃធុរកិច្ចទាំងឡាយណាដែលមាន ឬអាចមានអានុភាពរារាំង រឹតត្បិត ឬបង្ខូចដល់ការប្រកួតប្រជែងគួរឱ្យកត់សម្គាល់នៅក្នុងទីផ្សារ។
ច្បាប់នេះ ក៏នឹងការពារសុខុមាលភាពអ្នកប្រើប្រាស់ឱ្យទទួលបានទំនិញ និងសេវាមានគុណភាពខ្ពស់ ថ្លៃទាប សម្បូរបែប និងមានជម្រើសច្រើន។ បន្ថែមលើនេះទៅទៀត ការអនុម័តច្បាប់ស្តីពីការប្រកួតប្រជែងរបស់កម្ពុជា នឹងបំពេញកាតព្វកិច្ចអន្តរជាតិសំខាន់ៗចំនួន២៖ ទី១ គឺការបង្កើតច្បាប់ ស្តីពីការប្រកួតប្រជែង នេះជាផ្នែកមួយនៃការសន្យារ (Commitment) របស់កម្ពុជា នៅពេលចរចាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងទី២ បណ្តារដ្ឋសមាជិកអាស៊ានទាំងអស់ បានបេ្តជា្ញចិត្តដាក់ចេញនូវគោលនយោបាយប្រកួតប្រជែងនៅឆ្នាំ២០១៥ ក្រោមផែនការលម្អិតរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន។
បន្ទាប់ពីបានស្តាប់នូវការលើកឡើងពីគុណតម្លៃនៃសេចក្តីព្រាងច្បាប់ទាំង៣នេះ ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា និងថ្នាក់ដឹកនាំគណៈកម្មការជំនាញ បានសម្តែងការគាំទ្រទាំងស្រុង ចំពោះសេចក្តីព្រាងច្បាប់ទាំងបីខាងលើ។
ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា និងគណៈកម្មការជំនាញ ក៏បានសម្តែងការកោតសរសើរចំពោះក្រសួងពាណិជ្ជកម្ម និងក្រុមការងារចរចាអន្តរក្រសួង-ស្ថាប័ន ដែលបានខិតខំកសាងច្បាប់និងបទដ្ឋានគតិយុត្តវិស័យពាណិជ្ជកម្មសំដៅធ្វើឱ្យប្រសើរទ្បើងបរិយាកាសធុរកិច្ច និងជាពិសេសការខិតខំប្រឹងប្រែងបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងពីរខាងលើ ប្រកបដោយជោគជ័យស្របតាមអាណត្តិផ្តល់ជូនដោយប្រមុខរាជរដ្ឋាភិបាល៕