(តាកែវ)៖ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា «សកម្មភាពទាំងឡាយដែលថ្នាក់ដឹកនាំខេត្ត ស្រុក ឃុំ អាជ្ញាធរមូលដ្ឋានបានធ្វើបម្រើលោកតា លោកយាយ មិនខុសពីសមិទ្ធិផលរបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលដែលបានធ្វើកន្លងមកដើម្បីបម្រើប្រជាជននោះទេ»។
លោកបញ្ជាក់ថា «រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំទាំងអស់ខិតខំ ច្រើនណាស់ ជួយដល់ប្រជាជនពេលខ្លះយើងមិននិយាយច្រើនទេ គឺយើងអនុវត្តផ្ទាល់តែម្តង ដើម្បីដោះស្រាយការងារជាក់ស្តែងជូនប្រជាជន នេះគឺជាអ្វីដែលរាជរដ្ឋាភិបាល យកចិត្តទុកដាក់ណាស់ ជាក់ស្តែងតាមរយៈ ក្រុមការងារ និងអជ្ញាធរ មិនដែលពេលណាដែលសម្តេចបញ្ជាឱ្យធ្វើបាប ប្រជាពលរដ្ឋទេ មានតែឱ្យដោះស្រាយ ជូនប្រជាជន ដោយផ្ទាល់និងតាមយន្តការផ្សេងៗ»។
លោក ហ៊ុន ម៉ាណែត តំណាងឲ្យ សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានលើកឡើងបែបនេះ នៅក្នុងពិធី សម្ពោធសាលា ធម្មសាភានិងសមិទ្ធិផលនានានៅវត្តជ្រោយសំរោងស្ថិតនៅក្នុងសង្កាត់សំរោង ក្រុងដូនកែវ ខេត្តតាកែវ នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០១៦។
លោកបន្តថា «ការអភិវឌ្ឍគឺមានន័យធ្វើឱ្យប្រជាជនមានបាន តាំងពីឆ្នាំ១៧៧៩មកដល់ពេលបច្ចុបន្ន ជីវភាពប្រជាជនមានភាពធូរធា កូនចៅ ប្រជាពលរដ្ឋមាន ឱកាសរៀនសូត្រ មានការងារធ្វើ មានអនាគតច្បាស់លាស់ ថ្ងៃក្រោយអាចជួយគ្រួសារ ភូមិឃុំមានការរីកចម្រើន នេះហើយគឺជាអ្វីដែលនយោបាយ របស់រាជរដ្ឋាភិបាល ធ្វើឱ្យប្រជាជនមានបាន»។
លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ នៅក្នុងពិធីសម្ពោធសាលាធម្មសាភានិងសមិទ្ធិផលនានានៅវត្តជ្រោយសំរោងស្ថិតនៅក្នុងសង្កាត់សំរោង ក្រុងដូនកែវខេត្ត តាកែវ នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០១៦ បានឲ្យដឹងថា ក្រោយឆ្នាំ១៩៧៩ ក្រោមការដឹកនាំ របស់ប្រមុខរាជរដ្ឋាភិបាល ប្រទេសជាតិមានសុខសន្តិភាពមានការ អភិវឌ្ឍ ឥតឈប់ឈរគួរជាទីមោទនៈ។
លោកបន្តថា សមិទ្ធិផលដែលយើងទទួលបាននិងត្រូវដាក់សម្ពោធនៅខណៈពេលនេះ គឺនៅមានសមិទ្ធិផលជាច្រើនទៀតដែលរាជរដ្ឋាភិបាល និងសប្បុរសជន បានដាក់សម្ពោធនៅទូទាំងប្រទេស។នេះសរបញ្ជាក់ឱ្យឃើញថាប្រទេសយើងមានការរីកចម្រើនលឿនណាស់៕