(ភ្នំពេញ)៖ ទន្ទឹមគ្នានឹងការរៀបចំសេចក្តីព្រាងវិសោធនកម្មស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ក្រុមការងារជំនាញក្រសួងសាធារណការ និងដឹកជញ្ជូន និងភាគីពាក់ព័ន្ធ ក៏បានបង្ហាញឆន្ទៈរួម ក្នុងការស្នើសុំគោលការណ៍ឯកភាពពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីធ្វើជាច្បាប់ចរាចរណ៍ផ្លូវគោកថ្មី។
ការបង្ហាញពីបំណងនេះ បានធ្វើឡើងនាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ ក្នុងឱកាសដែលលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យ និងពិភាក្សាលើវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោក ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូពីចម្ងាយពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌, នាយឧត្តមសេនីយ៍សន្តិបណ្ឌិត អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ, នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ មន្ត្រីជំនាញភាគីពាក់ព័ន្ធផងដែរ។
កិច្ចប្រជុំពិភាក្សានេះបានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ក្នុងគោលបំណងពិភាក្សាលើការប្រមូលធាតុចូល ក៏ដូចជាកែ សម្រួលអត្ថន័យពាក្យពេចន៍ ឃ្លាប្រយោគ អក្ខរាវិរុទ្ធនៃសេចក្តីព្រាងវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ សំដៅឱ្យអ្នកប្រើប្រាស់ផ្លូវថ្នល់ ទាំងអស់គោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ និងឈានទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យមកនៅកម្រិតទាបបំផុត។
សូមជម្រាបជូនថា វិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនេះ បានឆ្លងកាត់ការសិក្សា និងប្រជុំពិភាក្សា យ៉ាងផុលផុសពីសំណាក់ក្រុមការងារជំនាញសរុបចំនួន១៧លើក គិតចាប់ពីខែឧសភា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ និងកិច្ចប្រជុំពិភាក្សាចំនួន២លើកបន្ថែមទៀត ដែលដឹកនាំដោយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ។
នៅក្នុងកិច្ចប្រជុំនេះអង្គប្រជុំបានពិភាក្សាលើវាក្យសព្ទ មាត្រាកែសម្រួលថ្មី និងមាត្រាបន្ថែមថ្មី នៃសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបានឯកភាព បញ្ចូលការកំណត់ល្បឿនបើកបរនៅលើផ្លូវល្បឿនលឿន ចូលទៅក្នុងអនុក្រឹត្យស្តីពីការកំណត់ល្បឿនមុនដំណើរការផ្លូវល្បឿនលឿនផងដែរ។
ក្រោយពីបានពិភាក្សាសួរដេញដោលចប់សព្វគ្រប់លើវិសោធនកម្មច្បាប់នេះជាឡើងជាច្រើនលើកច្រើនសារ និងមានមាត្រាចំនួន៤៨ ក្នុងចំណោម ៩២មាត្រា ត្រូវបានធ្វើវិសោធនកម្ម អង្គប្រជុំបានឯកភាពរៀបចំចងក្រងខ្លឹមសារ កែសម្រួលពាក្យពេចន៍ ឃ្លា ប្រយោគនៃវិសោធនកម្មច្បាប់នេះឱ្យបានច្បាស់លាស់ ដើម្បីគោរពស្នើ សុំ គោលការណ៍ឯកភាព ធ្វើជាច្បាប់ថ្មី ពីសម្តេចក្រឡាហោម ស ខេង។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណដល់អង្គប្រជុំ និងក្រុមការងារជំនាញ ដែលបានជជែកពិភាក្សាផ្តល់ធាតុចូល និងមតិយោបល់យ៉ាងផុលផុស ក្នុងការខិតខំប្រឹងប្រែង ធ្វើវិសោធនកម្មច្បាប់នេះឱ្យទទួលបានលទ្ធផលល្អប្រសើរផងដែរ។
គួរបញ្ជាក់ដែរថា រយៈពេលកន្លងមកការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងការបង្កើនប្រាក់ពិន័យរបស់រាជរដ្ឋាភិបាលទៅលើបទល្មើសចរាចរណ៍ផ្លូវគោក មិនមាន បំណងរកប្រាក់ចំណេញទេ ប៉ុន្តែរាជរដ្ឋាភិបាលចង់ឃើញអ្នកប្រើប្រាស់ផ្លូវទាំងឡាយទទួលបានសុខសុវត្ថិភាព គ្មានគ្រោះថ្នាក់ របួស និងស្លាប់ ដោយហេតុថា គ្រោះមហន្តរាយទាំងនេះ បានបន្សល់ទុកពិការភាពស្ត្រីមេម៉ាយ ពោះម៉ាយ និងកុមារកំព្រា ដែលធ្វើឱ្យងាយធ្លាក់ក្នុងភាពក្រីក្រ។
ជាងនេះទៅទៀតក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រសួងមហាផ្ទៃ បាននិងកំពុងអភិវឌ្ឍកម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យបទល្មើស ចរាចរណ៍ផ្លូវគោក (App) និងដំណើរការរៀបចំប្រកាសអន្តរក្រសួងស្ដីពី នីតិវិធីនៃការដក និងបំពេញពិន្ទុឡើងវិញសម្រាប់បណ្ណបើកបរផងដែរ៕