(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ បានសម្រេចអនុញ្ញាតឱ្យបង្កើត «គណបក្សសំឡេងសហគមន៍កម្ពុជា» ដែលសរសេរជាអក្សរកាត់ថា «គ.ស.ស.ក»។ នេះបើតាម លិខិតរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ផ្ញើទៅកាន់តំណាងគណបក្សសំឡេងសហគមន៍កម្ពុជា ឈ្មោះ សា លីម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ក្នុងលិខិតនេះថាផ្អែកតាមបញ្ញត្តិមាត្រា៩ នៃច្បាប់ស្តីពីគណបក្សនយោបាយ ក្រសួងមហាផ្ទៃសម្រេចអនុញ្ញាតឱ្យបង្កើត «គណបក្សសំឡេងសហគមន៍កម្ពុជា» ដែលសរសេរជាអក្សរកាត់ថា «គ.ស.ស.ក» ដោយមានអាសយដ្ឋាន នៃទីស្នាក់ការកណ្តាលស្ថិតនៅផ្ទះលេខ០១៥ ផ្លូវជាតិលេខ១ ភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សម្តេចបានបន្តថា ដូច្នេះ ដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពបានដោយស្របច្បាប់ក្នុងឋានៈជា នីតិបុគ្គល នៅក្នុងរយៈពេល១៨០(មួយរយប៉ែតសិប)ថ្ងៃបន្ទាប់ពីបានបង្កើតរួចហើយ គណបក្សសំឡេង- សហគមន៍កម្ពុជា ត្រូវរៀបចំបែបបទ និងបំពេញលក្ខខណ្ឌស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃស្របតាម កថាខណ្ឌទី២ នៃមាត្រា៩ មាត្រា១៨ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ មានគណបក្សនយោបាយប្រមាណជិត៥០គណបក្ស កំពុងដំណើរការនៅក្នុងប្រទេសកម្ពុជា ខណៈដែលគណបក្សមួយចំនួនទៀតកំពុងរៀបចំបង្កើតឡើង ដើម្បីចូលរួមក្នុងការបោះឆ្នោតឆ្នាំ២០២២ និង២០២៣ ខាងមុខនេះ៕