(បន្ទាយមានជ័យ)៖ អគ្គនាយកអន្តោប្រវេសន៍ នាយឧត្តមសេនីយ៍ សុខ ផល បានអញ្ជើញចុះសួរសុខទុក្ខ និងបាននាំយកអំណោយ ជាគ្រឿងអាហារបរិភោគចំនួនធំ ថវិកាចំនួន៥លានរៀល ចែកជូនមន្រ្តីនគរបាលអន្តោប្រវេសន៍ នៅច្រកទ្វារអន្តរជាតិប៉ោតប៉ែត នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦។
លោក ជា ធា អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍តំណាងនាយឧត្តមសេនីយ៍ សុខ ផល បានថ្លែងថា អ្វីដែលសំខាន់នោះគឺ ទីតាំងច្រកទ្វារប៉ោយប៉ែតនេះ គ្មានទីតាំងធំទូលាយដូចប៉ុស្តិ៍នានាឡើយ។ កងកម្លាំងទាំងអស់ត្រូវគោរពច្បាប់ គោរពមេប៉ុស្តិ៍ឲ្យយ៉ាងខ្លាំង ចេះគោរពពេលវេលា ត្រូវចេះគោរពគ្នាទៅវិញទៅមក សាមគ្គីភាពគ្នា និងរក្សារបទបញ្ជាផ្ទៃក្នុង។ លោកបន្តថា បន្តការផ្សព្វផ្សាយ និងណែនាំឲ្យអង្គភាពពាក់ព័ន្ធ ត្រូវបន្តការងារជំរឿនជនបរទេស ការងារអធិការកិច្ច ការងារអនុវត្តនីតិវិធីច្បាប់ អន្តោប្រវេសន៍ និងការងារត្រួតពិនិត្យ រដ្ឋបាលដែលខេត្តបានកំពុងធ្វើ ចំណែកជនបរទេសអន្តោប្រវេសន៍ ត្រូវគោរព និងអនុវត្តតាមច្បាប់ស្តីពី អន្តោប្រវេសន៍នៃកម្ពុជាឲ្យបានល្អប្រសើរ។
អំណោយរួមមាន៖ អង្ករ ចំនួនតោន មីកញ្ចប់ ចំនួន២កេសធំ ប៊ីងចេង ចំនួន១០គីឡូក្រាម ស្កសរ ចំនួន៥០គីឡូក្រាម ទឹកស៊ីអ៊ីវ ចំនួន៥យួរ ទឹកត្រី ចំនួន ៥យួរ ទឹកសុទ្ធ ចំនួន៥កេស និងថវិការ៥លានរៀល។ ក្រោយពីសួរសុខទុក្ខគណប្រតិភូបានចុះទៅ ពិតនិត្យជាក់ស្តែង នៅទីតាំងធ្វើការរបស់កងកម្លាំងអន្តោប្រវេសន៍ច្រកទ្វារ បំពេញបែបបទចូល ចេញ ក្នុងប្រទេសក្រៅប្រទេស៕