(ភ្នំពេញ)៖ មហាអំណាចចិន បានរំលឹកជាថ្មីក្នុងការជួយតំបន់អាស៊ាន តាមរយៈការផលិត ចែកចាយវ៉ាក់សាំង និងសម្ភារវេជ្ជសាស្រ្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក៏ដូចជាកិច្ចខិតខំស្តារឡើងវិញ។ ការរំលឹកនេះ បានធ្វើឡើងក្នុងសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ស្របពេលដែលអាស៊ានបានសម្តែងនូវការកោតសរសើរ ចំពោះប្រទេសចិនសម្រាប់ការគាំទ្រតំបន់យ៉ាងពេញទំហឹង ប្រទេសចិនបានរំលឹកជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹងកិច្ចសហការជាមួយអាស៊ាន រួមមានតាមរយៈការគាំទ្រដល់សមត្ថភាពតំបន់ក្នុងការផលិត និងចែកចាយវ៉ាក់សាំង និងសម្ភារៈវេជ្ជសាស្រ្ត ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ»។
កិច្ចប្រជុំបានកត់សម្គាល់ដោយការពេញចិត្ត ចំពោះសមិទ្ធផលនៃទំនាក់ទំនងសន្ទនាអាស៊ាន-ចិន និងបានអបអរសាទរចំពោះការទទួលបានលទ្ធផលផ្លែផ្កា ក្នុងការរៀបចំកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ០៧-០៨ ខែមិថុនា ឆ្នាំ ២០២១ នៅទីក្រុងឆុងឈីង ដែលជាផ្នែកមួយនៃការប្រារព្ធខួបលើកទី៣០ នៃទំនាក់ទំនងអាស៊ាន-ចិន។ កិច្ចប្រជុំបានទន្ទឹងដល់កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ចិន នៅខែតុលាខាងមុខនេះ។
កិច្ចប្រជុំបានរំពឹងដល់ការរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានចិន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ ដែលគ្រោងរៀបចំនៅក្នុងខែតុលា ឆ្នាំ២០២១នេះ។
ភាគីទាំងពីរ បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការថែរក្សាសន្តិភាព សន្តិសុខ និងវិបុលសុខនៅក្នុងតំបន់។ សម្រាប់បញ្ហាសមុទ្រចិនខាងត្បូង អាស៊ាន និងចិន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង (DOC) ឆ្នាំ២០០២ និងបានស្វាគមន៍ការបន្តការចរចារលើអត្ថបទរបស់ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC) ដើម្បីអាចបញ្ចប់បានឆាប់រហ័ស។
នៅក្នុងកិច្ចប្រជុំ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានគូសបញ្ជាក់ពីភាពចាំបាច់ដើម្បីធានាថា ខ្សែច្រវ៉ាក់ ផ្គត់ផ្គង់ និងពាណិជ្ជកម្មឆ្លងដែននៅតែមិនមានការរំខាន ដើម្បីអាចទាញយកផលប្រយោជន៍ពេញលេញពីការលើកកម្ពស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ។
លោកឧបនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់អំពីសារៈសំខាន់នៃការពង្រឹងការអនុវត្តសេចក្តីប្រកាសរួមអាស៊ាន-ចិន ស្តីពីការសំយោគរវាងផែនការមេ ស្តីពីការតភ្ជាប់អាស៊ាន (MPAC) ឆ្នាំ២០២៥ និងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI)។ ដោយទទួលស្គាល់ថា អាស៊ាន និងចិន សម្រេចបាននូវភាពជាដៃគូដ៏សំខាន់ពីទំនាក់ទំនងសន្ទនាចាប់តាំងពីការបង្កើតមក លោកឧបនាយករដ្ឋមន្រ្តី បានរំលឹកជាថ្មីនូវការគាំទ្ររបស់កម្ពុជាចំពោះការលើកកម្ពស់ទំនាក់ទំនងអាស៊ាន-ចិន ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ៕