(ភ្នំពេញ)៖ អាស៊ានបានស្វាគមន៍សំណើរបស់សាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ក្នុងការរៀបចំឱ្យមានកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (AMMDM) បូកយន្តការសាធារណរដ្ឋកូរ៉េ។ ការទទួលយកសំណើខាងលើ បានធ្វើឡើងក្នុងសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឲ្យដឹងថា កិច្ចប្រជុំនេះ បានអបអរសាទរវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការអាស៊ាន-សាធារណរដ្ឋកូរ៉េ និងបានរំលឹកឡើងវិញពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងសន្ទនាអាស៊ាន- សាធារណរដ្ឋកូរ៉េ រួមមានតាមរយៈគោលនយោបាយទិសខាងត្បូងថ្មីបូក (NSPP) របស់សាធារណរដ្ឋកូរ៉េ ។ ក្នុងន័យនេះ អាស៊ានបានគាំទ្រចំពោះសំណើរបស់សាធារណរដ្ឋកូរ៉េ សម្រាប់សេចក្តីប្រកាសរួមរបស់ថ្នាក់ដឹកនាំ ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-សាធារណរដ្ឋកូរ៉េ ដែលស្របគ្នាជាមួយគោលនយោបាយទិសខាងត្បូងថ្មីបូក (NSPP) និងយុទ្ធសាស្រ្ត និងគំនិតផ្តួចផ្តើមសំខាន់ៗរបស់អាស៊ាន។
រដ្ឋមន្រ្តីការបរទេសអាស៊ាន ក៏បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណរដ្ឋកូរ៉េ សម្រាប់ការគាំទ្រយ៉ាងមុតមាំរបស់សាធារណរដ្ឋកូរ៉េ ក្នុងការដោះស្រាយបញ្ហាជំងឺរាតត្បាតកូវីដ-១៩ រួមមានការរៀបចំកិច្ចសន្ទនាសុខុមាលភាពអាស៊ាន-សាធារណរដ្ឋកូរ៉េ ជាដើម។
កិច្ចប្រជុំក៏បានកត់សម្គាល់នូវកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងការភ្ជាប់ទំនាក់ទំនងធុរកិច្ចនិងធុរកិច្ចរវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ និងបានបញ្ជាក់អំពីសារៈសំខាន់នៃការពង្រីកកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យមួយចំនួន ដូចជា សុខភាពសាធារណៈ និងវ៉ាក់សាំងពហុភាគីនិយម ពាណិជ្ជកម្ម និងវិនិយោគ ការជំរុញវិស័យសហគ្រាសមីក្រ តូច និងមធ្យម (MSMEs) ហិរញ្ញវត្ថុ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា ហេដ្ឋារចនាសម័្ពន្ធ និងការអភិវឌ្ឍបៃតង ការដឹកជញ្ជូនតាមផ្លូវអាកាស ការអប់រំឌីជីថល សំដៅសម្រួលដល់ការស្តារឡើងវិញយ៉ាងឆាប់រហ័សពីជំងឺរាតត្បាត និងរក្សាបាននូវកំណើនក្នុងរយៈពេលវែង។
រដ្ឋមន្រ្តីការបរទេសក៏បានឯកភាពបន្តការងារលើការថែរក្សាសន្តិភាព សន្តិសុខ និងវិបុលភាពនៅក្នុងតំបន់ រួមមានតាមរយៈការពង្រឹងកិច្ចសហការក្នុងការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ និងសន្តិសុខប្រព័ន្ធអ៊ិនធឺរណែត។ ភ្ជាប់ជាមួយគ្នានេះ រដ្ឋមន្រ្តីការបរទេសអាស៊ានក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សាធារណរដ្ឋកូរ៉េ ក្នុងការនាំមកនូវសន្តិភាពយូរអង្វែងដល់ឧបទ្វីបកូរ៉េ និងបានសាទរចំពោះកិច្ចព្រមព្រៀងដែលទើបសម្រេចបាននាពេលថ្មីៗនេះ ដើម្បីបើកឱ្យដំណើរការជាថ្មីនូវការិយាល័យសម្របសម្រួលអន្តរកូរ៉េ។
នៅក្នុងកិច្ចប្រជុំ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំឡើង នៅក្នុងវិស័យការអភិវឌ្ឍធនធានមនុស្ស ទីក្រុងឆ្លាត ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ និងទីក្រុង។ លោកបានឆ្លៀតឱកាស ធ្វើការថ្លែងអំណរគុណចំពោះសាធារណរដ្ឋកូរ៉េ សម្រាប់ការផ្តល់ជំនួយវ៉ាក់សាំង និងការផ្គត់ផ្គង់សម្ភារៈវេជ្ជសាស្រ្ត ជូនដល់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩៕