(ទ្រីប៉ូលី)៖ រដ្ឋាភិបាលដែលឡើងកាន់អំណាចដោយខ្លួនឯងនៅទីក្រុងទ្រីប៉ូលី បានធ្វើការប្រកាសអាសន្ននៅទូទាំងប្រទេស បន្ទាប់ពីទទួលបានរបាយការណ៍មកថា សមាជិកនៃរដ្ឋាភិបាលនិរទេស ដែលគាំទ្រដោយអង្គការសហប្រជាជាតិ (UN) នឹងធ្វើដំណើរមកកាន់រដ្ឋធានីនេះ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួរមុននេះបន្តិចនៅថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០១៦។
រដ្ឋាភិបាល ដែលមិនមានការគាំទ្រដោយអន្តរជាតិខាងលើនេះ បានប្រកាសដូច្នេះថា «ការប្រកាសអាសន្នក្នុងប្រទេស ត្រូវបានធ្វើឡើងហើយ។ គណរដ្ឋមន្ត្រីរបស់យើងគឺស្របច្បាប់»។ លោក Khalifa Ghwell នាយករដ្ឋមន្ត្រីលីប៊ី បាននិយាយទៀតថា លោកបានបញ្ជាឲ្យភ្នាក់ងារសន្តិសុខ និងក្រុមប្រដាប់អាវុធធ្វើការបង្កើនកងកម្លាំងសន្តិសុខនៅតាមប៉ុស្តិ៍ត្រួតពិនិត្យ និងតំបន់យាមល្បាត។
ដោយឡែកលោក Feyez Serraj នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលនិរទេសលីប៊ី ដែលមានមូលដ្ឋាននៅប្រទេសទុយនីស៊ី និងគាំទ្រដោយ UN នោះបានអះអាងថាក្រុមរបស់លោក នឹងវិលចូលទៅរដ្ឋធានីទ្រីប៉ូលីវិញ នៅរយៈពេលប៉ុន្មានថ្ងៃទៀត ដែលជាហេតុនាំឲ្យមានការព្រួយបារម្ភផ្នែកសន្តិសុខយ៉ាងខ្លាំង។ បើទោះបីជា មានការសម្របសម្រួលពី UN ក្តី ក៏ភាគីជម្លោះទាំងពីរ មិនទាន់មានការស្រុះស្រួលគ្នាទាំងស្រុងដែរ៕