(ភ្នំពេញ)៖ លោក ស៊ុយ សែម រដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ទទួលអំណោយ ថ្នាំគ្រាប់របស់ចិន (LIANHUA QINGWEN JIAONANG) ចំនួន៥០,០០០ប្រអប់ របស់សមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា ជូនក្រសួងរ៉ែ និងថាមពល។
ថ្លែងក្នុងពិធីនោះ រដ្ឋមន្រ្ដី ស៊ុយ សែម ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ ចំពោះសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា ក្នុងការឧបត្ថម្ភថ្នាំគ្រាប់របស់ចិន (LIANHUA QINGWEN JIAONANG) ចំនួន៥០,០០០ប្រអប់នេះ។
រដ្ឋមន្រ្ដី ស៊ុយ សែម បានគូសបញ្ជាក់ថា ក្រសួងនឹងយកថ្នាំគ្រាប់ចិនទាំងអស់នេះ ទៅចែកជូនប្រជាពលរដ្ឋនៅក្នុងខេត្តពោធិ៍សាត់ ក្នុងគោលបំណង ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលនៃជំងឺកូវីដ-០៩។
លោក Ratchayut Kasemchaisiri ជាប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា បានថ្លែងថា «ក្នុងនាមខ្ញុំជាប្រធានក្រុមប្រឹក្សាភិបាល និង តំណាងឲ្យសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា ពិតជាមានកិត្តិយសណាស់ ដែលបានចូលរួមចំណែក ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឹកូវីដ១៩ ដោយបានបរិច្ចាគថ្នាំបុរាណចិន ចំនួន៥០,០០០ ប្រអប់ជូនដល់ក្រសួងរ៉ែ និងថាមពល ដើម្បីយកទៅចែកជូនដល់ប្រជាជន ដែលតំរូវការចាំបាច់ ក្នុងការប្រើប្រាស់សំរាប់ព្យាបាលជំងឺកូវីដ-១៩»។
លោក Ratchayut Kasemchaisiri បន្ដទៀតថា ជានិច្ចកាល សមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា យើងតែងតែយកចិត្តទុកដាក់ ទៅលើវិស័យសុខាភិបាល ហើយស្របពេលជាមួយគ្នានេះដែរ យើងខ្ញុំបានជួយឧបត្ថម្ភឧបករណ៍ ផ្នែកសុខាភិបាលផ្សេងៗ ជូនដល់ក្រសួងសុខាភិបាល ចាប់តាំងពីមានការផ្ទុះរីករាលដាល នៃជំងឺកូវីដនេះមក ក្នុងនោះយើងសូមគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការយ៉ាងត្រឹមត្រូវ ក្នុងការដោះស្រាយបញ្ហា ព្រមទាំងទទួលបានជោគជ័យ ក្នុងការយុទ្ធនាការចាក់វ៉ាក់សាំង ទូទាំងប្រទេស។
លោកបន្ថែមទៀតថា លោកពិតជាសូមសម្ដែង នូវការកោតសរសើរ ដល់កិច្ចការរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយសង្ឃឹមថា ពួកយើងនឹងឆ្លងកាត់ឧបសគ្គនេះ បានទាំងអស់គ្នា។
លោក ពុត ចន្តារិទ្ធ អគ្គលេខាធិការ នៃសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា (CCMA) បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ទោះបីជាប្រឈម នឹងស្ថានភាពកូវីដ១៩ ក៏ពិតមែន ប៉ុន្តែការផលិតស៊ីម៉ងត៍នៅកម្ពុជា នៅក្នុងត្រីមាសទី២ បានចំនួន៤,៤៨៤,៤៧៦.០០តោន ស្មើនឹង៩៥% នៃកម្លាំងផលិតកម្មរួម ពុំបានធ្លាក់ចុះនោះទេ។
លោកបន្ដថា ដោយក្រុមហ៊ុននីមួយៗ ខិតខំរក្សាឲ្យបាននូវស្ថេរភាពផលិតស៊ីម៉ង់តិ៍នេះ ដើម្បីការពារនូវការងារដល់និយោជិក និងកម្មករ ក្នុងការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការរក្សាបាននូវកំណើនសេដ្ឋកិច្ច និងការខិតខំទប់ស្កាត់ជំងឺកូវីដ១៩ បានយ៉ាងល្អប្រសើរ ប្រកបដោយភាពម៉ត់ចត់ ក្រោមការដឹកនាំ ប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ជាមួយគ្នានេះ លោក ពុត ចន្តារិទ្ធ ក៏បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានខិតខំយ៉ាងសកម្ម ក្នុងការបង្ការ និងទប់ស្កាត់កូវីដ១៩ និងគិតគូរជួយដល់វិស័យឯកជន នៅក្នុងស្ថានភាពលំបាក នៃការរីករាលដាលជំងឺកូវីដ១៩ កន្លងមក ដែលជាកត្តាមួយចូលរួមចំណែក ជួយដល់ឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា រីកចម្រើននាពេលនេះ។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា មានសមាជិកចំនួន៥ក្រុមហ៊ុនហើយ ក្នុងនោះមាន៖
១៖ ក្រុមហ៊ុនកំពត ស៊ីមេន (Kampot cement co.,Ltd)
២៖ ក្រុមហ៊ុនជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន (Chip Mong Insee Cement Corporation)
៣៖ ក្រុមហ៊ុនស៊ីម៉ង់ត៍ ចក្រីទីង (Cambodia Cement Chakrey Ting Factory Co., Ltd)
៤៖ ក្រុមហ៊ុនបាត់ដំបង ខនស៍ ស៊ីមេន (Battambang Conch Cement Company Limited)
និង៥៖ ក្រុមហ៊ុន ស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ខមភេនី លីមីធីត (Thai Boom Roong Cement Co.,Ltd) ផងដែរ៕