(រតនគិរី)៖ ដើម្បីកាត់បន្ថយ និងទប់ស្កាត់កុំឱ្យជំងឺកូវីដ១៩ រីករាលដាលក្នុងសហគមន៍, អាជ្ញាធរក្រុងបានលុង ខេត្តរតនគិរី បានចុះណែនាំក្រុមអាជីវករដែលអង្គុយលក់ក្នុងផ្សារ ក៏ដូចជាតាមភោជនីយដ្ឋាននានា និងទីប្រជុំជននៅក្នុងក្រុងឱ្យគោរពតាមវិធានសុខាភិបាល ដើម្បីកាត់ផ្ដាច់ខ្សែចម្លងជំងឺដ៏កាចសាហាវមួយនេះ ព្រមទាំងព្រមានអនុវត្តច្បាប់ដោយមិនយោគយល់ចំពោះអ្នកល្មើស។
ជាក់ស្ដែងនៅថ្ងៃទី៤ ខែសីហាឆ្នាំ ២០២១នេះ អាជ្ញាធរក្រុងបានលុង បានសហការជាមួយកម្លាំងកងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី និងគណៈគ្រប់គ្រងផ្សារចុះណែនាំតាមទីប្រជុំជនភោជនីយដ្ឋាន និងក្នុងផ្សារក្រុងបានលុង ឱ្យពួកគាត់គោរពតាមវិធានសុខាភិបាលឱ្យបានគ្រប់ៗគ្នា ដើម្បីចៀសផុតពីការឆ្លងជំងឺដ៏កាចសាហាវនេះ ចេញពីសហគមន៍មួយ ទៅសហគមន៍មួយទៀត។
ក្នុងឱកាសចុះណែនាំនេះ លោក ខៃ ស៊ានឃាន់ អភិបាលរងក្រុងបានលុង បានប្រាប់ទៅដល់ក្រុមអាជីវករ ក៏ដូចជាម្ចាស់ភោជនីយដ្ឋាន និងប្រជាពលរដ្ឋ ដែលលក់នៅតាមទីប្រជុំជនក្នុងក្រុងថា ប្រសិនបើមិនព្រមគោរព តាមវិធានសុខាភិបាល និងការណែនាំរបស់អាជ្ញាធរទេ គឺមិនត្រូវបានអនុញ្ញាតឱ្យលក់ដូរឡើយ។ អាជ្ញាធរនឹងត្រូវធ្វើការផាកពិន័យដល់បុគ្គលណាដែលមិនគោរពតាមការណែនាំ។
ជាងនេះទៅទៀត គឺតម្រូវឱ្យក្រុមអាជីវករ ឬក៏អ្នកលក់បាយ ម្ហូបត្រូវតែវេចខ្ចប់ គឺមិនអនុញ្ញាតឱ្យអង្គុយហូបនៅនឹងកន្លែងនោះទេ។
លោក ខៃ ស៊ានឃាន់ បានបញ្ជាក់ថា នេះជាលើកទី៣ហើយដែលការបិទបម្រាមគោចរ ជាបណ្ដោះអាសន្ន សម្រាប់ខេត្តរតនគិរី ហេតុដូចនេះ ហើយសូមប្រជាពលរដ្ឋមានការយោគយល់ និងគោរពតាមវិធានសុខាភិបាល និងវិធានការ «៣កុំ និង៣ការពារ» ឱ្យបានគ្រប់ៗគ្នា៕