(កោះកុង)៖ ប្រជាពលរដ្ឋដែលរស់នៅស្រុកបូទុមសាគរ ស្រុកគីរីសាគរ ស្រុកថ្មបាំង និងស្រុកកោះកុង ខេត្តកោះកុង ដែលមិនទានបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ម្ជុលទី១ និងម្ជុលទី២ ដំណាក់កាលទី២ សូមប្រញាប់មកទទួលវ៉ាក់សាំងចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកបូទុមសាគរ សហការជាមួយក្រុមការងារចាក់វ៉ាក់សាំង នៃប្រតិបត្តិការសឹករងកោះកុង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា «អាជ្ញាធរនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវី១៩ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឡើង នៅស្រុកបូទុមសាគរ ស្រុកថ្មបាំង ស្រុកកោះកុង ស្រុកគីរីសាគរ ខេត្តកោះកុង ហើយមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ មានទីតាំងស្ថិតនៅ សាលាបឋមសិក្សាអណ្តូងទឹកក្នុងភូមិអណ្តូងទឹក ឃុំអណ្តូងទឹកស្រុកបូទុមសាគរ ខេត្តកោះកុង»។
ប្រជាពលរដ្ឋដែលទៅទទួលចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ១៩ សូមភ្ជាប់មកជាមួយនូវឯកសារបញ្ជាក់អត្តសញ្ញាណមានដូចជា៖ អត្តសញ្ញាណប័ណ្ណឬសំបុត្រកំណើតខេត្ត ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតឆ្លងដែន ដើម្បីផ្ទៀងផ្ទាត់ក្នុងករណីបងប្អូនមិនមានឯកសារបញ្ជាក់អត្តសញ្ញាណខាងលើសូមទៅទំនាក់ទំនង នៅរដ្ឋបាលឃុំរបស់ប្រជាពលរដ្ឋ ដើម្បីស្នើសុំលិខិតបញ្ជាក់ទីលំនៅក្នុងការទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ១៩។
ដើម្បីធានាបាននូវសន្តិសុខសណ្ដាប់ធ្នាប់របៀបរៀបរយ និងធានាបាននូវការអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន សូមប្រជាពលរដ្ឋអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ នៅថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ នៅសាលាបឋមសិក្សាអណ្ដូងទឹកក្នុងភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង និងតាមកាលបរិច្ឆេទដែលកំណត់ដូចខាងលើ៕