(ភ្នំពេញ)៖ អគ្គនាយកដ្ឋាន និងរដ្ឋាករកម្ពុជា (អគរ) នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ បានប្រារព្ធពិធីប្រគល់-ទទួល ម៉ាស និងថ្នាំពេទ្យ សម្រាប់ការពារ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ដែលជាជំនួយរបស់ស្ថានទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា។
ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព របស់លោកបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និង លោក Li Jie ទីប្រឹក្សា និងជាអគ្គកុងស៊ុល នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ នៃអគរ និងមន្រ្តីនៃស្ថានទូត ផងដែរ។
លោករដ្ឋមន្រ្តីប្រតិភូ បានគូសបញ្ជាក់ថា អំណោយជាម៉ាស និងថ្នាំពេទ្យនេះ គឺបានបង្ហាញពីការយកចិត្ដទុកដាក់ របស់ស្ថានទូតដល់ អគរ ដែលមានមន្ត្រីបំពេញការងារ នៅជួរមុខ ហើយអាចមានហានិភ័យក្នុងការឆ្លងជំងឺកូវីដ-១៩ ក្នុងពេលបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ហើយកាយវិការសប្បុរសនេះ ក៏ជាផ្នែកមួយ នៃការពង្រឹង កិច្ចសហប្រតិបត្តិការរវាងស្ថានទូត និង អគរ ជាពិសេស ក្នុងស្ថានភាពដ៏លំបាកនេះ ដែលម្យ៉ាង អគរ ត្រូវជំនះរាល់បញ្ហាប្រឈមបង្កឡើងដោយកូវីដ-១៩ ហើយម្យ៉ាងទៀត ត្រូវធានានិរន្តរភាពការងារ ផ្ដល់កិច្ចសម្រួលពាណិជ្ជកម្មដល់ធុរជន និងវិនិយោគិននានា។
លោករដ្ឋមន្រ្តីប្រតិភូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ ចំពោះស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា ក្នុងការឧបត្ថម្ភម៉ាសចំនួន ១០,០០០បន្ទះ និងថ្នាំពេទ្យព្យាបាលជំងឺកូវីដ-១៩ មួយចំនួន ដែលសម្ភារទាំងនេះ អគរ នឹងធ្វើការបែងចែកជូនមន្ត្រីគយ និងរដ្ឋាករដែលកំពុងបំពេញភារកិច្ច នៅតាមការិយាល័យ និងមាត់ច្រកដែលមានហានិភ័យខ្ពស់ ក្នុងការឆ្លងជំងឺកូវីដ-១៩។
លោក Li Jie ទីប្រឹក្សា និងអគ្គកុងស៊ុល នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន បានថ្លែងអំណរគុណដល់ អគរ ដែលបានយកចិត្តទុកដាក់ គាំទ្រ និងផ្ដល់កិច្ចសម្រួលពាណិជ្ជកម្ម ដល់ធុរៈជន វិនិយោគិន និងពាណិជ្ជករចិន ដែលកំពុងប្រកបអាជីវកម្មនៅកម្ពុជា។
លោកទីប្រឹក្សា និងជាអគ្គកុងស៊ុល បានបន្តថា ស្ថានទូតចិន នឹងបន្តផ្ដល់ជំនួយបច្ចេកទេសនានាដល់ អគរ ក្នុងការកសាង និងពង្រឹងសមត្ថភាពរបស់ខ្លួន។
គួរបញ្ជាក់ថា កន្លងមក ស្ថានទូតចិន និងអង្គការផ្ដល់ជំនួយរបស់ចិន China Aids បានផ្ដល់ជំនួយជាបន្តបន្ទាប់ដល់ អគរ ហើយជំនួយលេចធ្លោ គឺការផ្ដល់ម៉ាស៊ីនស្កែនកុងតឺន័រ ដែលបច្ចុប្បន្នកំពុងប្រើប្រាស់ នៅកំពង់ផែអន្តរជាតិ ផែស្ងួត និងការិយាល័យគយ និងរដ្ឋាករនាមាត់ច្រកសំខាន់ៗមួយចំនួន។
អគរ និងគណៈប្រតិភូនៃស្ថានទូត បានបេ្តជ្ញាចិត្ត នឹងបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហការរវាងស្ថានទូត និង អគរ ឲ្យកាន់តែជិតស្និទ្ធថែមទៀត ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសចិន និងកម្ពុជា៕