(ភ្នំពេញ)៖ ប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា និងជនពិការ៤៧គ្រួសារ ក្នុងសង្កាត់កាកាប២ រាជធានីភ្នំពេញ ទទួលបានអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ ដើម្បីជួលសម្រួលដល់ជីវភាព ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩ កំពុងរីករាលដាល។
ពិធីចែកអំណោយនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ក្រោមវត្តមានលោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ និងជាប្រធានប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យ រួមនិងក្រុមការងារអនុសាខាជាច្រើននាក់ នៅបរិវេណវត្តតាំងក្រសាំងខាងជើង ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោក ហែម ដារិទ្ធ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារទាំងអស់ប្រកបដោយសេចក្តីនឹករលឹក។
លោកបានលើកឡើងថា ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ជាក់ស្តែងដូចជាពេលនេះ គឺការជួយរបស់កាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់។
លោកក៏សូមអំពាវនាវដល់គ្រួសារទាំងអស់ បន្តការប្រុងប្រយត្ន័បន្ថែមទៀត និងជាពិសេសសូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺ «៣ការពារ និង៣កុំ» ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា។
គួសបញ្ជាក់ថា អំណោយមនុស្សធម៌ដែលផ្តល់ជូនដល់ប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា និងជនពិការ៤៧គ្រួសារ ក្នុងសង្កាត់កាកាប២ រាជធានីភ្នំពេញនាពេលនេះ ក្នុង១គ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម មីមួយកេស ទឹកស៊ីវអ៊ីវ១យួរ ត្រីខ១យួរ រួមនិងថវិកា ៣០០០០រៀលផងដែរ៕