(ភ្នំពេញ)៖ កង្វល់អាទិភាពរបស់វិស័យឯកជន ដែលកំពុងប្រឈមក្នុងពេលបច្ចុប្បន្ន គឺការតម្រូវឱ្យធ្វើចត្តាឡីស័ក សម្រាប់និវាសនជន ម្ចាស់អាជីវកម្ម និយោជិក និងវិនិយោគិន ដែលធ្វើដំណើរចូលមកកម្ពុជា ត្រូវបានក្រុមការងារ «ក្រុម ឃ» ផ្នែកនីតិកម្ម ពន្ធដារ និង អភិបាលកិច្ច លើកយកមកពិនិត្យ និងដោះស្រាយ។
កិច្ចប្រជុំនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ ២០២១, តាមរយៈប្រព័ន្ធវីដេអូ (Video Conference), អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសហប្រធានក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច «ក្រុម ឃ» នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន រួមជាមួយនឹងលោក អានូដ ដាក (Arnaud Darc) សហប្រធាន «ក្រុម ឃ» (ខាងផ្នែកឯកជន) ក្នុងគោលបំណងបន្តពិនិត្យ ដោះស្រាយបញ្ហាដែលវិស័យឯកជនកំពុងប្រឈម និងជួបប្រទះ ក្នុងដំណាក់កាលនៃការឆ្លងរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ បង្កដោយវីរុសកូវីដ-១៩។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសហសេវិកទាំងផ្នែករាជរដ្ឋាភិបាល វិស័យ ឯកជន និងតំណាងសភាពាណិជ្ជកម្មកម្ពុជាផងដែរ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់ថា កង្វល់នៃការតម្រូវឱ្យធ្វើចត្តាឡីស័កនេះ ត្រូវបាន ពិភាក្សារកដំណោះស្រាយម្តងរួចហើយ នៅក្នុងកិច្ចប្រជុំរវាងវិស័យឯកជន និងអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក។
ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន រក្សាបាននូវសកម្មភាពធុរកិច្ច ជាមួយនឹងការរក្សាបាននូវឧត្តមប្រយោជន៍ សុវត្ថិភាព សុខភាពរបស់ប្រជាពលរដ្ឋក្នុងកាលៈទេសៈដ៏លំបាកនៃការរីករាតត្បាតនៃជំងឺកូវីដ-១៩, អង្គប្រជុំ បានពិភាក្សាលើបញ្ហា ដែលបានលើកឡើងដោយវិស័យឯកជន, បទអន្តរាគមន៍របស់មន្រ្តីជំនាញផ្នែកសុខា-ភិបាល, អនុគណៈកម្មការគ្រប់គ្រងច្រកចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក រួមទាំង តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធផ្សេងៗ។
ជាមួយនឹង «ការរៀនរស់នៅតាមគន្លងថ្មី (New Normal)», អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានស្នើ និងជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ នៃផ្នែករាជរដ្ឋាភិបាល, អនុគណៈកម្មការគ្រប់គ្រងច្រកចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក បន្តខិតខំបន្ថែមទៀត សហការឲ្យកាន់តែជិតស្និទ្ធជាមួយផ្នែកឯកជន យកចិត្តទុកដាក់ តាមដានរាល់បញ្ហារបស់ផ្នែក ឯកជនឱ្យជាប់ជាប្រចាំ និងដោះស្រាយទៅតាមករណីជាក់ស្តែង ពិសេស ពាក់ព័ន្ធរយៈពេលនៃការធ្វើចត្តាឡីស័ក, ការកំណត់សណ្ឋាគារសម្រាប់ស្នាក់នៅកំឡុងពេលធ្វើចត្តាឡីស័ក ជាដើម ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគិន ប៉ុន្តែជាមួយគ្នានេះនៅតែអាចរក្សាឲ្យបានការទប់ស្កាត់ការនាំជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។ កិច្ចការទាំងនេះ គឺជាអាទិភាព រួមចំណែកធានាបានបរិយាកាសល្អប្រសើរសម្រាប់វិស័យឯកជន សម្រាប់ការស្តារសេដ្ឋកិច្ចជាតិឡើងវិញក្រោយ វិបត្តិកូវីដ-១៩។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានវាយតម្លៃខ្ពស់ចំពោះសភាពាណិជ្ជកម្មកម្ពុជា ក្នុងតួនាទីជាអ្នកសម្របសម្រួលការងារខាងផ្នែកឯកជន ពិសេស «ក្រុម ឃ» នៃវេទិការាជរដ្ឋាភិបាល-វិស័យឯកជន និងបានលើកទឹកចិត្តដល់សភាពាណិជ្ជកម្មកម្ពុជា ឱ្យបន្តនូវតួនាទីជាអ្នកសម្របសម្រួល ក្រុមការងារខាងផ្នែកវិស័យឯកជន សំដៅធ្វើឱ្យវិស័យឯកជនកាន់តែមានជវភាព, ភាពជាម្ចាស់ និងជាដៃគូរឹងមាំរបស់រាជរដ្ឋាភិបាល រួមចំណែកស្តារសេដ្ឋកិច្ចជាតិឡើងវិញ ក្រោយវិបត្តិកូវីដ-១៩, ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ចជាតិកម្ពុជា៕