(កំពត)៖ ជនសង្ស័យ៦នាក់ ក្នុងនោះស្ត្រីម្នាក់ ពាក់ព័ន្ធករណីបើកសង្វៀនបញ្ជល់មាន់ ត្រូវបានកម្លាំងការិយាល័យកណ្តាល នគរបាលព្រហ្មទណ្ឌខេត្តកំពត សម្រេចបញ្ជូនឡើង ទៅសាលាដំបូងខេត្តនៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ក្រោយពីចុះបង្ក្រាបរួចមក។
លោក លក ញ៉ាវ នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកំពត បានប្រាប់អង្គភាព Fresh News ថា នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ កម្លាំងនគរបាលព្រហ្មទណ្ឌខេត្ត សហការជាមួយកម្លាំងនគរបាលស្រុកដងទង់ បានចុះបង្ក្រាបសង្វៀនបញ្ជល់មាន់ បើកខុសច្បាប់មួយកន្លែងស្ថិតនៅចំណុចផ្ទះតុបយិន ភេទប្រុស អាយុ៦៩ឆ្នាំ ស្ថិតក្នុងភូមិធំថ្មី ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត។ ក្នុងការបង្ក្រាបនេះ កម្លាំងបានឃាត់ខ្លួនជនសង្ស័យ៦នាក់ ដោយរឹបអូសបានវត្ថុតាងរួមមាន៖ ម៉ូតូគ្រប់ប្រភេទចំនួន១៦គ្រឿង, មាន់៩ក្បាល និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត៕