(ភ្នំពេញ)៖ នៅមុនពេលការធ្វើសមាជគណបក្សសង្រ្គោះជាតិ ដើម្បីពង្រឹងការងារបក្ស លោក ង៉ោ សុវណ្ណ អតីតគណៈនាយក និងជាអតីតសមាជិកសភាគណបក្សសមរង្ស៊ី បានប្រកាសបង្ហាញមោទនភាព ដែលបានរើចេញផុតពីមាគ៌ាដឹកនាំរបស់លោក សម រង្ស៊ី ប្រ ធានគណបក្សប្រឆាំងនាពេលបច្ចុប្បន្ន។ លោក ង៉ោ សុវណ្ណ បានហៅមាគ៌ាដឹកនាំរបស់បក្សប្រឆាំងថា ជាមាគ៌ាបំបែកបំបាក់សាមគ្គីជាតិ និងបំផ្លិចបំផ្លាញជាតិ។
លោក ង៉ោ សុវណ្ណ ដែលបានចាកចេញពីគណបក្សសមរង្ស៊ី កាលពីឆ្នាំ២០០៨ មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា បានសរសេរនៅលើ Facebook របស់លោកថា «ខ្ញុំមានមោទនភាពនឹងខ្លួនឯង ដែលបានរំដោះខ្លួន រួចចេញពីគណបក្សប្រឆាំងផ្កាប់មុខមួយនេះ បន្ទាប់ពីមហាជន បានមើលឃើញយ៉ាងជាក់ច្បាស់ នៅក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣ នូវសកម្មភាពបំផ្លិចបំផ្លាញជាតិ តាមរយៈការដុតកំហឹងបំបែកបំបាក់ សាមគ្គីជាតិ ការរៀបចំបាតុកម្មច្បាមយកអំណាច លើគំនរឈាមប្រជាជន ការដុតបំផ្លាញ ទ្រព្យសម្បត្តិរដ្ឋ-ប្រជាជន ការបង្កអស្ថិរភាពសង្គម... និងការភូតភរប្រជាជនក្នុងរឿងសន្ធិសញ្ញា និងផែនទីក្លែងក្លាយជាដើម។ ខ្ញុំពិតជាពេញចិត្ត នឹងអ្វីដែលខ្ញុំមានសព្វថ្ងៃនេះ»។
លោក ង៉ោ សុវណ្ណ ដែលបច្ចុប្បន្នមានតួនាទីជារដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្រ្តី បានបើកកកាយកេរ្តិ៍របស់លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិថា ជាមនុស្សលាក់សាវតា ក្បត់ឈាមយួនម៉ែឯង ដើរបោកខ្មែរ បញ្ឆេះកំហឹងឲ្យខ្មែរស្អប់យួន ក្នុងឋានៈជាតិសាសន៍ពិតរបស់ខ្លួនឯងជាកូនយួន។
លោក ង៉ោ សុវណ្ណ បានវាយប្រហារគណបក្សសង្រ្គោះជាតិថា ជាគណបក្សជ្រកក្រោមស្លាកស្នេហាជាតិ ដើម្បីរៃអង្គាសលុយខ្មែរនៅបរទេស យកមកចាយវាយ និងចិញ្ចឹមស្រីស្នេហ៍៕