(ព្រៃវែង)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា អមដំណើរដោយសមាជិក សមាជិកា ព្រឹទ្ធសភា លោក ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និងលោក ជា សុមេធី អភិបាលខេត្ត នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញផ្តល់ភ្លើងបូជាសពលោក សុខ យាត សមាជិកគណៈកម្មការអប់រំ យុវជន កីឡា សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ដែលបានទទួលមរណភាព កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ២១៖១០នាទីយប់ ក្នុងជន្មាយុ៧៦ឆ្នាំ ដោយរោគាពាធ។
សពលោក សុខ យាត ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីជាតិ នៅគេហដ្ឋានសព ស្ថិតនៅក្នុងភូមិលេខ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
នាឱកាសនោះដែរ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងថា មរណភាពរបស់ លោក សុខ យាត គឺជាការបាត់បង់ឥស្សរជនស្នេហាជាតិរបស់ខ្មែរដ៏ឧត្តុង្គឧត្តមមួយរូប ដែលបានធ្វើពលិកម្មដ៏ធំធេងក្នុងបុព្វហេតុតស៊ូ រំដោះប្រទេសជាតិ និងប្រជាជនកម្ពុជាពី របប ប្រល័យពូជសាសន៍ ដើម្បីនាំមកនូវសន្តិភាព និងការអភិវឌ្ឍន៍ដ៏ឥតនឿយណាយរហូតដល់ថ្ងៃអវសានជីវិត។ យើងទាំងអស់គ្នាសោកស្ដាយ ស្រណោះអាឡោះអាល័យក្រៀមក្រំ ដោយពុំមានពាក្យអ្វីមកថ្លែងរៀបរាប់ឱ្យដូចបានឡើយ។
ក្នុងឱកាសប្រកបដោយសមាណទុក្ខដ៏ក្រៀមក្រំនេះ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ រួមជាមួយថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការកងកម្លាំង មន្ទីរអង្គភាព សូមចូលរួមរំលែកនូវមរណទុក្ខជាមួយ ក្រុមគ្រួសារ ញាតិមិត្តនៃសព និងសូមឱ្យវិញ្ញាណក្ខន្ធរបស់លោក បានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕