(កំពង់ឆ្នាំង)៖ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ឆ្នាំង និងលោកស្រី ម៉ន វ៉ារី រួមទាំងមន្រ្តីនៅក្នុងស្ថាប័នអយ្យការអមសាលាដំបូងខេត្តទាំងអស់ នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ បាននាំយកអំណោយឧបត្ថម្ភជូនលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជួយកាត់បន្ថយនៅការចំណាយផ្សេងៗក្នុងដំណាក់កាលកូវីដ១៩ ដែលកំពុងរាតត្បាត។
លោក អ៊ិត សុធា បានថ្លែងថា ការចូលរួមផ្តល់អំណោយនាពេលនេះ គឺជាការងារមនុស្សធម៌មួយដែលបង្ហាញពីការរួមសុខ រួមទុកជាមួយរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋដែលកំពុងត្រូវការ ការផ្គត់ផ្គង់នូវគ្រឿងឧបភោគបរិភោគជូនពួកគាត់ដែលកំពង់ធ្វើច័ត្តាឡីស័ក និងប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ នាបច្ចុប្បន្ននេះ។
នាឱកាសនោះដែរលោក ស៊ុន សុវណ្ណារិទ្ធិ បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង និងក្រុមគ្រួសាររួមទាំងមន្រ្តីរាជការនៅក្នុងស្ថាប័នអយ្យ ការអមសាលាដំបូងខេត្តកំពង់ឆ្នាំងទាំងអស់ ដែលបានចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត ក្នុងអំឡុងពេលដែលរដ្ឋបាលខេត្តកំពុងតែមានការខ្វះខាត ហើយក៏ជាតម្រូវការចាំបាច់សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តទាំងមូលផងដែរ។
លោកអភិបាលខេត្ត បានបន្តថា អំណោយដែលបានមកពីសប្បុរសជនត្រូវបានយកទៅបែងចែកទៅ តាមគោលដៅសំខាន់ៗក្នុងខេត្តដូចជាផ្គត់ផ្គង់ទៅតាមមណ្ឌលធ្វើចត្តាឡីស័ក និងគ្រោះមហន្តរាយផ្សេងៗទៀត។
លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏សប្បុរសរបស់លោកព្រះរាជអាជ្ញា និងលោកស្រី ម៉ន វ៉ារី ដែលតែងតែគិតគូរសុខទុករបស់ប្រជាពលរដ្ឋក្នុងខេត្ត ជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំងរហូតមក។
អំណោយដែលលោកព្រះរាជអាជ្ញា និងក្រុមគ្រួសាររួមទាំងមន្ត្រីក្នុងស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានឧបត្ថម្ភដល់រដ្ឋបាលខេត្តកំពង់ឆ្នាំងខាងលើនេះ រួមមាន៖ អង្ករចំនួន ៥តោន និងមីជាតិចំនួន ១០០កេស បានប្រគល់ជូនលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង សម្រាប់ដោះស្រាយក្នុងបរិបទកូវីដ១៩ និងគ្រោះមហន្តរាយផ្សេងៗ៕