(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លើកទី២ Johnson & Johnson ជូនប្រជាពលរដ្ឋនៅស្រុកចំនួន៥ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ ស្អែកនេះ។
ស្រុកចំនួន៥នោះរួមមាន៖ ស្រុកត្បែងមានជ័យ, ស្រុកឆែប, ស្រុកជ័យសែន, ស្រុកសង្គមថ្មី និងស្រុកគូលែន។
បើតាមលោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងនៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១នេះថា «យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី២ ចាប់ផ្តើមពីថ្ងៃស្អែកនេះតទៅ ដោយអនុវត្តន៍លើស្រុកចំនួន៥ បន្ទាប់ពីក្រុង ស្រុកចំនួន៣ គឺស្រុកជាំក្សាន្ត ក្រុងព្រះវិហារ និងស្រុករវៀង យើងបានបើកយុទ្ធនាការចាក់លើកទី១ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅ»។
លោក គួង ឡូ បានបន្តថា វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលត្រូវចាក់ជូនប្រជាពលរដ្ឋទាំង៥ស្រុក នៅព្រឹកថ្ងៃស្អែកនេះ គឺប្រភេទ Johnson & Johnson ជាផលិតផលរបស់សហរដ្ឋអាមេរិក ហើយវ៉ាក់សាំងនេះ គឺយើងចាក់តែ ១ដូសទេ គឺគ្រប់គ្រាន់ហើយសម្រាប់មនុស្ស១នាក់។ មកដល់ថ្ងៃនេះ មន្ទីរសុខាភិបាលខេត្តបានទទួលវ៉ាក់សាំង Johnson & Johnson នេះចំនួន ៥១,០០០ដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋចំនួន ៥១,០០០នាក់ ផងដែរ។
ប្រធានមន្ទីរសុខាភិបាល បានបញ្ជាក់បន្ថែមទៀតថា៖ «ដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋទាំង៥ស្រុក ក្នុងខេត្តព្រះវិហារនៅថ្ងៃស្អែកនេះ គឺយើងចាប់ផ្តើមចាក់ពីតំបន់ទីប្រជុំជន តំបន់សេដ្ឋកិច្ច ទេសចរណ៍តាមស្រុកនីមួយៗ រហូតដល់តំបន់នានា ក្នុងស្រុកនីមួយៗផងដែរ»។
ជាមួយគ្នានេះដែរ លោកបានឱ្យដឹងថា មូលហេតុដែលចាប់ផ្តើមចាក់វ៉ាក់សាំងពីតំបន់ទីប្រជុំជនតាមស្រុកនីមួយៗនោះ ក៏ដោយសារតែវ៉ាក់សាំង ដែលទទួលបាន គឺមិនគ្រប់ចំនួនសម្រាប់ចាក់ជូនប្រជាពលរដ្ឋទាំង ៥ស្រុក ដែលមានវ័យពី១៨ឆ្នាំឡើងនោះទេ។ ប៉ុន្តែ មន្ទីរសុខាភិបាលខេត្ត ក៏បានធ្វើការណែនាំដល់លោកអភិបាលស្រុកទាំង៥ ត្រូវធ្វើជំរឿនចំនួនប្រជាពលរដ្ឋដែលមានអាយុពី១៨ឆ្នាំឡើង ដែលមិនទាន់បានចាក់វ៉ាក់សាំងតាមស្រុកនីមួយៗ ដើម្បីឱ្យមន្ទីរធ្វើការស្នើសុំទៅលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងក្របខ័ណ្ឌទូទាំងប្រទេស ដើម្បីបានវ៉ាក់សាំងមកចាក់ជូនពួកគាត់ជាបន្តបន្ទាប់ទៀត។
បន្ថែមពីនេះ លោកវេជ្ជបណ្ឌិត គួង ឡូ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ ត្រូវបន្តយកចិត្តទុកដាក់ការពារខ្លួនជានិច្ចនិងគ្រប់ពេលវេលា កុំឱ្យឆ្លងជំងឺកូវីដ១៩ ដោយត្រូវអនុវត្តន៍ឱ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល ការណែនាំរបស់រាជរដ្ឋាភិបាលនូវវិធានការ «៣កុំ និង៣ការពារ» ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារនិងសហគមន៍យើងពីជំងឺកូវីដ១៩។ ពិសេសពេលមកទទួលការចាក់វ៉ាក់សាំង សូមរក្សាគម្លាតសុវត្ថិភាព និងពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ ដើម្បីការពារការឆ្លងជំងឺកូវីដ១៩ ជាយថាហេតុ៕