(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៣ ខែសីហា ម្សិលមិញនេះ បានបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៩៩នាក់បន្ថែមទៀត ហើយអ្នកជំងឺ៤នាក់ បានស្លាប់ និងជាសះស្បើយថ្មី ៤៨នាក់។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត បានឱ្យដឹងថា អ្នកជំងឺរកឃើញថ្មីនេះ ករណីទី១ ដល់ទី១៤ ជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ឃ្លាំង, ករណីទី១៥ ដល់ទី១៧ គឺជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ក្ដី, ករណីទី១៨ ដល់ទី២២ ជាករណីមានប្រភពចម្លងចេញពីអ្នកដំណើរមកពីរាជធានីភ្នំពេញ ខេត្តកំពង់ធំ និងបន្ទាយមានជ័យ និងករណីទី២៣ ជាករណីមានប្រភពចម្លងចេញផ្សារចារឈូក។

ករណីទី២៤ ដល់ទី៣៦ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ និងករណីទី៣៧ ដល់ទី៩៩ គឺជាប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័កនៅវិទ្យាល័យសម្តេចឪ។

ដោយឡែកអ្នកជាសះស្បើយទាំង ៤៨នាក់ ត្រូវបានក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែកត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

ចំណែកករណីស្លាប់ ចំនួន៤ករណី រួមមាន៖
ទី១៖ ឈ្មោះ យន់ ប៊ន់ ភេទស្រី អាយុ៨២ឆ្នាំ អាសយដ្ឋាននៅភូមិនគរភាស១ ឃុំនគរភាស ស្រុកអង្គរជុំ ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី១ ខែសីហា និងបានស្លាប់ នៅថ្ងៃដដែលនោះ វេលាម៉ោង២៖០០នាទី ដោយជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។
ទី២៖ ឈ្មោះ លី សារ៉ែន ភេទស្រី អាយុ៥៨ឆ្នាំ អាសយដ្ឋាននៅភូមិគោកត្រាច ឃុំខ្នាត ស្រុកពួក ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២ និងបានស្លាប់ នៅថ្ងៃដដែល វេលាម៉ោង១៣៖១០នាទី ដោយជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។
ទី៣៖ ឈ្មោះ ជ្រុន ឡូន ភេទស្រី អាយុ៤២ឆ្នាំ អាសយដ្ឋាននៅភូមិសំព្រោច ឃុំសំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៥ ខែកក្កដា និងបានស្លាប់ នៅថ្ងៃទី៣ ខែសីហា ដោយជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។
ទី៤៖ ឈ្មោះ លឹម គង់ ភេទប្រុស អាយុ៧៣ឆ្នាំ អាសយដ្ឋាននៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី៣ ខែសីហា និងបានស្លាប់ នៅថ្ងៃដដែល វេលាម៉ោង០៣៖៣០នាទី ដោយជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។

សូមបញ្ជាក់ថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤,៧៤៩នាក់។ ក្នុងនោះ បានព្យាបាលជាសះស្បើយចំនួន ២,៤៥៤នាក់ ស្លាប់ ៥៣នាក់ និង២,២៤២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក៕