(ញូដេលី)៖ យ៉ាងហោចណាស់មនុស្ស ៣០នាក់ស្លាប់ និងជាង ៤០នាក់ទៀតរងរបួស បន្ទាប់ពីការសប្បាយ រីករាយបានប្រែក្លាយទៅជាអំពើហិង្សា និងគ្រោះថ្នាក់ចរាចរណ៍ដោយសារការបើកបរពេលស្រវឹងនៅ រដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា។ នេះបើតាមរបាយការណ៍ចុងក្រោយ ដែលចេញផ្សាយដោយស៊ិនហួរ នៅមុននេះបន្តិច នារសៀលថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០១៦។
អាជ្ញាធររដ្ឋខាងលើនេះ បានអះអាងថា មនុស្សស្លាប់ទាំងនោះគឺស្ថិតនៅតំបន់ផ្សេងគ្នានៃរដ្ឋ ហើយអំពើហិង្សា និង ការធ្វេសប្រហែសរបស់ប្រជាជន បានកើតឡើងជាច្រើនករណី ដែលជាហេតុនាំឲ្យអាជ្ញាធរពិបាកគ្រប់គ្រង ទើបបណ្តោយឲ្យមានមនុស្សស្លាប់ជាច្រើននាក់បែបនេះ។
មនុស្សស្លាប់ចំនួន ១៩នាក់ គឺនៅទីក្រុង Lucknow របស់រដ្ឋ Uttar Pradesh ដោយសារតែពួកគេឈ្លោះ ប្រកែកគ្នា រហូតកើតជាហិង្សា និងមួយចំនួនទៀតបានស្លាប់ដោយតែគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយគ្រឿងស្រវឹង។ គួរបញ្ជាក់ថា ពិធីបុណ្យលាបពណ៌បានធ្វើឡើងទូទាំងប្រទេសឥណ្ឌា កាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែមានតែរដ្ឋមួយប៉ុណ្ណោះ ដែលកើតគ្រោះថ្នាក់រហូតដល់មានមនុស្សបាត់បង់ជីវិតច្រើន៕