(កំពង់ធំ)៖ លោក សុក ហៃ អភិបាលរងខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការដឹកនាំអនុវត្តច្បាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រួមជាមួយថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ បានចុះរៀបចំសណ្តាប់ធ្នាប់នៅផ្សារសេរីស្ទោង ស្ថិតក្នុងស្រុកស្ទោង ព្រមទាំងត្រៀមសាងសង់ផ្លូវបេតុងថ្មីបន្ថែមនៅផ្សារនេះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់អាជីវករក្នុងការលក់ដូរ ប្រកបដោយរបៀបរៀបរយ និងមានសោភ័ណភាពល្អ ព្រមទាំងដើម្បីបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវី-១៩ ផងដែរ។
លោក សុក ហៃ បានលើកឡើងថា នៅផ្សារសេរីស្ទោងមានអាជីវករមួយចំនួនបានដាក់តាំងទំនិញលើចិញ្ចើមផ្លូវ និងលក់ដូរតាមផ្លូវ ដែលនាំឲ្យបាត់សណ្តាប់ធ្នាប់ កកស្ទះចរាចរណ៍ជាប្រចាំ និងបានបង្កការំខានដល់ប្រជាពលរដ្ឋដែលរស់នៅជិតខាង ក៏ដូចជាអ្នកដំណើរដែលឆ្លងកាត់តំបន់នោះ។ ដោយឃើញនូវបញ្ហានេះ លោកអភិបាលរងខេត្តបានដឹកនាំក្រុមការ ដើម្បីដោះស្រាយ ការលក់ដូរអនាធិបតេយ្យរបស់អាជីវករមួយចំនួន និងរៀបចំសណ្តាប់ធ្នាប់នៅជុំវិញផ្សារសេរីស្ទោង ឲ្យមានរបៀបរៀបរយ និងលុបបំបាត់ការលក់ដូរគ្មានសណ្តាប់ធ្នាប់ ការរំលោភលើចំណីថ្នល់ និងផ្លូវថ្នល់សាធារណៈពីសំណាក់អាជីវករមួយចំនួន។
បន្ថែមពីនេះ លោកក៏បានសំណូមពរឱ្យអាជ្ញាធរក្នុងមូលដ្ឋានទាំងអស់ ត្រូវចុះពិនិត្យស្ថានភាពនៅតាមផ្សារនៅក្នុងមូលដ្ឋានរបស់ខ្លួនជាប្រចាំ ហើយបើផ្សារនេះនៅតែគ្មានសណ្តាប់ធ្នាប់ និងគ្មានរបៀបរៀបរយល្អនោះទេ ការបើកផ្សារនេះឡើងវិញ គឺពិតជាមានហានិភ័យខ្ពស់ចំពោះការឆ្លងរីករាលដាលជំងឺកូវី-១៩។ ដូច្នេះទាំងអាជ្ញារមូលដ្ឋាន ទាំងគណៈកម្មការផ្សារត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ជុំវិញវិធានការការពារដោយត្រូវផ្សព្វផ្សាយ និងជំរុញឱ្យប្រជាពលរដ្ឋ អាជីវករ អនុវត្តវិធានរបស់ក្រសួងសុខាភិបាលជាប់ជានិច្ច។
ជាមួយគ្នានោះដែរ អភិបាលរងខេត្តក៏បានជំរុញដល់គណៈកម្មការផ្សារ ឱ្យពង្រឹងការរៀបចំសណ្តាប់ធ្នាប់ផ្សារឱ្យបានល្អមានអនាម័យ ជៀសវាងការលក់ដូររំលោភលើចំណីផ្លូវ ដែលបង្កឱ្យស្ទះចរាចរណ៍ និងបាត់បង់សោភ័ណភាពផ្សារ តែមិនត្រូវយកផាស៊ីពីអាជីវករដែលលក់ដូរបន្លែ ត្រី សាច់ តិចតួចតាមកញ្ច្រែងនោះឡើយ។
នាឱកាសនោះដែរ លោក សុក ហៃ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ និងអាជីវករទាំងអស់ត្រូវចូលរួមគ្នាអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានកាណ៍សុវត្ថិភាពរបស់ក្រសួងសុខាភិបាល និងការណែនាំ ៣ការពារ និង៣កុំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពិសេសការរក្សាគម្លាតសុវត្ថិភាព និងគម្លាតសង្គម ដើម្បីរួមគ្នាកាត់បន្ថយទប់ស្កាត់កុំឱ្យឆ្លងជំងឺកូវីដ-១៩៕