(ព្រុចសែល)៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក John Kerry បានទៅដល់ទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ីក នៅរសៀលថ្ងៃសុក្រនេះ ដើម្បីចូលរួមរំលែកទុក្ខ ក្រោយកើតមានករណីអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុម ISIS ដោយមានមនុស្ស ៣៤នាក់ស្លាប់ និងជាង ២៥០នាក់រងរបួស នេះបើយោងតាមការចេញផ្សាយរបស់ AP នៅមុននេះបន្ដិច។
ក្រៅពីចូលរួមរំលែកទុក្ខ លោក John Kerry នឹងត្រូវចូលរួមនៅក្នុងកិច្ចពិភាក្សាប្រឆាំងភេរវកម្មជាមួយបណ្ដាប្រទេសនៅក្នុងសហភាពអឺរ៉ុប (EU)ផងដែរ។ អ្នកនាំពាក្យរបស់ក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា លោក John Kerry នឹងតំណាងឲ្យសហរដ្ឋអាមេរិក ចូលរួមរំលែកទុក្ខដល់ប្រទេសបែលហ្ស៊ីក ជាពិសេសគឺក្រុមគ្រួសារជនរងគ្រោះ ដែលបានបាត់បង់ជីវិត និងរងរបួសនៅក្នុងករណីភេវរកម្មដ៏សាហាវមួយនេះ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិករូបនេះ ទើបតែចាកចេញពីប្រទេសរុស្ស៊ី បន្ទាប់ពីបានបំពេញទស្សនកិច្ចជាផ្លូវការលើកទី៣ ដើម្បីជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ទៅលើដំណោះស្រាយសន្តិភាព នៅក្នុងប្រទេសស៊ីរី និងកិច្ចព្រមព្រៀងទីក្រុង Minsk ស្តីពីប្រទេសអ៊ុយក្រែន។
គួរបញ្ជាក់ផងដែរថា ករណីបំផ្ទុះគ្រាប់បែកនៅអាកាសយានដ្ឋាន និងនៅចំណតរថភ្លើងក្រោមដី កណ្ដាលទីក្រុងព្រុចសែល បានសម្លាប់មនុស្ស ៣៤នាក់ និងរបួសជាង ២៥០នាក់ ដោយអំពើភេរវកម្មនេះ ជាទង្វើរបស់ក្រុម ISIS៕