(ភ្នំពេញ)៖ ដោយមានការបញ្ជាផ្ទាល់ពីលោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ នារសៀលថ្ងៃទី០៣ ខែសីហានេះ លោក ប៉ាង លីដា អភិបាលរងខណ្ឌ និងលោក យិន គា នាយករដ្ឋបាលខណ្ឌ បានដឹកនាំកម្លាំងចម្រុះគណៈបញ្ជាការខណ្ឌចុះបិទទីតាំង KTV ចំនួន ៣ទីតាំង ដែលនៅតែគឃ្លើនលួចបើកដំណើរការអាជីវកម្ម ល្មើសនឹងបម្រាមរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធ-ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
ទីតាំង KTV ទាំងបីកន្លែងនេះស្ថិតនៅតាមបណ្ដោយផ្លូវ២០០៤ ក្នុងភូមិត្រពាំងល្វា២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រួមមាន៖
១៖ ភោជនីយដ្ឋាន ពិភពតារ៉ារះ
២៖ ភោជនីយដ្ឋាន រស្មី ពន្លឺពេជ្រ
៣៖ ភោជនីយដ្ឋានបុប្ផារាជធានី។
ក្នុងប្រតិបត្តិការចុះបិទទីតាំង KTV ទាំងបីកន្លែងនេះដែរ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យបានដកហូតសម្ភារៈមួយចំនួន ព្រមទាំងរុះរើស្លាកយីហោ ជញ្ជាំងបិទបាំង ដែលល្មើសនឹងបទបញ្ជារបស់រាជរដ្ឋាភិបាល ប៉ុន្តែមិនបានឃាត់ខ្លួនម្ចាស់ទីតាំង ឬភ្ញៀវនោះទេ៕