(ភ្នំពេញ)៖ ជនដៃដល់ម្នាក់ដែល បានប្រើអំពើហិង្សាទៅលើជនរងគ្រោះជាអ្នកចំរៀង ដោយវាយក្បាល នឹងកែវបណ្តាលឲ្យបែកក្បាលដេរជាច្រើនថ្នេរ នៅក្នុងភោជនីយដ្ឋានម្លប់ស្បូវ BBQ ផ្លូវបេតុងក្រុមទី១៤ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ រួចហើយរត់គេចខ្លួន ប៉ុន្តែ៣ខែក្រោយត្រូវបានជនរងគ្រោះប្រទះឃើញ នៅក្នុងហាងពិភពសាច់អាំង ភូមិទួលគោក ក្នុងសង្កាត់បឹងកក់១ ខណ្ឌទទួលគោក នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ រាយការណ៍ទៅសមត្ថកិច្ច ចុះមកឃាត់ខ្លូន លុះពេលបញ្ជូនទៅកាន់តុលាការក៏ត្រូវបានលោក លី ផាន់ណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងទៅបាត់ តាមរយៈការស្នើសុំរបស់មេធាវីរបស់ខ្លួន។
ការដោះលែងជនបង្កនេះ បានធ្វើឲ្យមជ្ឈដ្ឋានមួយចំនួនចាត់ទុកថា ជារឿងអយុត្តិធម៌យ៉ាងខ្លាំង។ លោក ទៀង ចាន់សា អធិការនគបាល ខណ្ឌប្ញស្សីកែវ បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះថា ភាគីទាំងពីរ គឺចុងចោទ និងដើមបណ្តឹងបានព្រមព្រៀងគ្នាសង នឹងទទួលយកសំណងចំនួន២០០០ដុល្លារ ជាការបញ្ចប់ការប្តឹងផ្តល់។
លោកអធិការបញ្ជាក់បន្ថែមថា ការដោះលែងនេះ គឺបានការយល់ព្រមឯកភាពពីលោកព្រះរាជអាជ្ញារង លី សុផាន់ណា ព្រមទាំងមានមេធាវីជនជាប់ចោទធានាផងដែរ។
សូមបញ្ជាក់ថា ជនសង្ស័យម្នាក់ដែលបានប្រើអំពើហិង្សាដោយវាយលើជនរងគ្រោះ និងកែវស្រាបណ្ដាលឲ្យរងរបួសរយះលើផ្ទៃមុខយ៉ាងធ្ងន់ធ្ងរ ដេរជាច្រើនថ្នេរកាលពីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ ត្រូវបានជនរងគ្រោះរក ឃើញប្ដឹងសមត្ថកិច្ចប៉ុស្ដិ៍ឫស្សីកែវ សហការនិងកម្លាំងនគរបាល ខណ្ឌឫស្សីកែវចាប់ក្របួចបាន ក្រោយរត់គេចខ្លួនរយៈពេលជាង៣ខែ។ លោក តូច គឹមសុង នាយប៉ុស្តិ៍ឬស្សីកែវបានឲ្យដឹងថា ជនសង្ស័យត្រូវឃាត់ខ្លួន ឈ្មោះ ខែម ឌី អាយុ៣៤ឆ្នាំ មានទីលំនៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ រីឯជនរងគ្រោះឈ្មោះ គ្រីម តូនី អាយុ២១ឆ្នាំ មានទីលំនៅផ្ទះជួល ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។
នាយប៉ុស្ដិ៍ឫស្សីកែវ លោក តូច គីមសុង បានឲ្យដឹងទៀតថាមុនកើតហេតុកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ ស្ថិតក្នុងចំណុចភោជនីយដ្ឋានម្លប់ស្បូវ BBQ ផ្លូវបេតុង ក្រុមទី១៤ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ជនរងគ្រោះឈ្មោះ គ្រីម តូនី ជាអ្នកចំរៀងហាងម្លប់ស្បូវ BBQ ត្រូវជនដៃដល់ឈ្មោះ ខែម ឌី បានមកផឹកស៊ីក្នុងហាងខាងលើ ហើយបានហៅជនរងគ្រោះ មកអង្គុយតុជាមួយ ហើយបានជេប្រមាថដោយទ្រាំ និងសម្តីមើលងាយមិនបាន ជនរងគ្រោះ បានក្រោកដើរចេញពីតុ រួចម្ចាស់ហាងក៏បានហៅមកវិញក៏ត្រូវជនបង្កយកកែវផឹកស្រាបៀរវាយត្រូវចំក្បាល បណ្តាលឲ្យបែករយះផ្ទៃមុខ ផ្នែកខាងឆ្វេង ពេលកើតហេតុរួច ជនបង្កបានគេចខ្លួនបាត់រហូតថ្ងៃចាប់ខ្លួននេះតែម្តង តែក៏ត្រូវបានព្រះរាជអាជ្ញារង លី សុផាន់ណា ដោះទៅទៀត។
យ៉ាងណាក៏ដោយ អង្គភាពព័ត៌មាន Fresh News មិនទាន់អាចសុំការបកស្រាយពីលោកព្រះរាជអាជ្ញារងបាននៅឡើយទេ នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះ៕
៕