(ភ្នំពេញ)៖ ដោយសារស្ថានភាព នៃការឆ្លងរាលដាលជំងឺកូវីដ១៩ នៅពុំទាន់ធូរស្រាល សកម្មភាពការងារនៅតាមបណ្តាស្ថាប័ននានា នៅក្នុងប្រទេសកម្ពុជា បន្តកាត់បន្ថយចំនួនបុគ្គលិក ប្រចាំការ ដោយអនុវត្តការងារតាមរយៈប្រព័ន្ធអនឡាញ។

យ៉ាងណាមិញ សកម្មភាពសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា តាមបណ្ដារាជធានី-ខេត្តវិញ គឺបានបន្តបេសកកម្មរបស់ខ្លួន ក្នុងការចុះជួយដល់ប្រជាពលរដ្ឋ ដែលកំពុងតែជួបប្រទះការលំបាកក្នុងមូលដ្ឋានផ្សេងៗ ដោយផ្ទាល់ ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ជាពិសេសការអនុវត្ត «៣កុំ និង៣ការពារ» ទាំងសម្រាប់ខ្លួនឯង និងណែនាំប្រជាពលរដ្ឋ និងមហាជនទូទៅចូលរួមអនុវត្តផងដែរ។

នៅតាមមូលដ្ឋាន គ្រប់ច្រកល្ហក គេសង្កេតឃើញវត្តមានយុវជនរបស់ ស.ស.យ.ក បានបំពេញបេសកកម្មយ៉ាងមមាញឹក ក្នុងការងារផ្សព្វផ្សាយ ដោយចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីបញ្ជ្រាបការយលដឹងដល់ស្រទាប់ មហាជនអំពីការការពារខ្លួនពីការឆ្លងជំងឺកូវីដ១៩ តាមមធ្យោបាយផ្សេងៗ ដូចជាការចែកខិតបណ្ណ ចងបដា ការចាក់បញ្ចាំងវីដេអូខ្លី និងសារអប់រំជាសំលេងជាដើម។

យុវជន ស.ស.យ.ក បានចុះធ្វើសកម្មភាពរហូតដល់ភូមិសាស្រ្តតំបន់ដាច់ស្រយ៉ាលនានា ដើម្បីបញ្ជ្រាបការយល់ដឹងបន្ថែមដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅទីនោះ ក៏ដូចជាបង្កើនការប្រុងប្រយ័ត្ននៅក្នុងការរស់នៅទ្វេដង។ សកម្មភាពទាំងនោះ មិនកម្រិតត្រឹមតែយុទ្ធនាការប្រយុទ្ធនឹងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ប៉ុណ្ណោះទេ។

សកម្មភាពសង្គមដូចជា ការជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះធម្មជាតិនានា ការជួយសាងសង់ផ្ទះ ធ្វើផ្លូវលំ សកម្មភាពបរិស្ថាន ក៏ដូចជាបណ្តាអំពើល្អផ្សេងៗ នៅតែបន្តមាន និងអនុវត្តជាប្រក្រតី។ បើទោះបីជាយ៉ាងណាក៏ដោយ គេឃើញថា ការគិតគូរ និងអនុវត្តនូវវិធានសុខាភិបាលទាំងឡាយ ត្រូវបានគោរពយ៉ាងម៉ឺងម៉ាត់ប្រកបដោយការប្រុងប្រយ័ត្នខ្ពស់បំផុត។

ក្រលេកមកមើលចលនាសប្បុរសធម៌ឯណោះវិញ សហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើការគៀគរជំនួយឧបត្ថម្ភផ្សេងៗ ពីសំណាក់សប្បុរសជននានា ដែលបានចូលរួមបរិច្ចាគតាមរយៈ ស.ស.យ.ក ដើម្បីធ្វើការបែងចែកទៅកាន់ តាមគោលដគបណ្ដារាជធានី ខេត្ត ដើម្បីប្រើប្រាស់ក្នុងបេសកកម្មរបស់ខ្លួន និងចែកជូនបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក ឬមានជីវភាពខ្វះខាត។

ក្រោយពីទទួលបានការបែងចែកជំនួយឧបត្ថម្ភពីគណៈកម្មធិការកណ្ដាល ស.ស.យ.ក នូវសម្ភារមួយចំនួនដែលបានចែកជូនដល់សមាជិក សមាជិកា ស.ស.យ.ក តាមបណ្ដារាជធានី-ខេត្តទូទាំងប្រទេស សម្រាប់ប្រើប្រាស់ ក្នុងយុទ្ធនាការផ្សព្វផ្សាយអប់រំពី វិធានអនាម័យសុខាភិបាលដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន សមាជិក សមាជិកា ស.ស.យ.ក គ្រប់ខេត្តក្រុង បានធ្វើការបែងចែកជំនួយទាំងអស់នោះជាកញ្ចប់ស្បៀងមួយចំនួន សម្រាប់ផ្ដល់ជូនបងប្អូនដែលកំពុងតែជួបប្រទះការលំបាក រួមទាំងបងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែធ្វើចត្តាឡីស័កតាមខ្នងផ្ទះ។

ក្រៅពីការចូលរួមឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាល និងបងប្អូនប្រជាពលរដ្ឋ ដែលជួបប្រទះការលំបាក ជាមួយគ្នានេះដែរ ស.ស.យ.ក. បានចូលរួមសម្របសម្រួល ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសម្ព័ន្ធគ្រូពេទ្យ សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ក៏ដូចជាកងទ័ពដែលចុះចាក់វ៉ាក់សាំង ព្រមទាំងអាជ្ញាធរមូលដ្ឋានយ៉ាងសស្រាក់សស្រាំក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ តាមបណ្ដាខេត្តគោលដៅដែលបានកំណត់ដោយ គណៈកម្មាការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ យ៉ាងសស្រាក់ស្រាំដោយមិនខ្លាចនឿយហត់។

មិនតែប៉ុណ្ណោះ សមាជិក សមាជិការបស់យើងបានចូលរួមរៀបចំ និងសម្អាតទីតាំងមួយចំនួន នៅតាមមណ្ឌលដែលត្រៀមសម្រាប់ការព្យាបាលអ្នកជំងឺកូវីដ-១៩ ក៏ដូចជាមណ្ឌលចត្តាឡីស័កសម្រាប់ទទួលប្រជាពលរដ្ឋ ដែលជាពលករមកពីក្រៅស្រុកដើម្បីធ្វើចត្តាឡីស័ក។

តាមរយៈសេចក្តីណែនាំរបស់គណៈកម្មាធិការកណ្តាល ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ បានបន្តជំរុញ និងលើកទឹកចិត្តដល់សមាជិក សមាជិកា ស.ស.យ.ក តាមបណ្តារាជធានី-ខេត្ត ចូលរួមជាមួយរាជរដ្ឋាភិបាល ជាពិសេសអាជ្ញាធរមូលដ្ឋានតាមគ្រប់រូបភាពដើម្បីបញ្ជ្រាបការយល់ដឹងពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋកម្ពុជា។

សេចក្តីណែនាំ ក៏បានបញ្ជាក់ឲ្យត្រៀមលក្ខណៈសម្រាប់ការជួយសម្របសម្រួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ផងដែរ។ គិតមកដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ ស.ស.យ.ក បាន និងកំពុងចូលរួមសម្របសម្រួល ដល់យុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស។ ជាមួយនឹងយន្តការ និងរចនាសម្ព័ន្ធនានារបស់ ស.ស.យ.ក. ដែលមានទូទាំងប្រទេស សកម្មភាពទាំងនោះកំពុងបន្តអនុវត្តយ៉ាងផុលផុស និងសស្រាក់សស្រាំ នៅគ្រប់មូលដ្ឋានទាំងអស់។

គួរបញ្ជាក់ដែរថា ស.ស.យ.ក នៅតែបន្តចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីរួមគ្នាក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩ បើទោះបីជាការរីករាលដាល នៃវីរុសនេះមិនទាន់មានសភាពធូស្បើយក៏ដោយ ស.ស.យ.ក. នៅតែបន្តចូលរួមគ្រប់ទិដ្ឋភាពសង្គម។

សកម្មភាពទាំងអស់នេះសបញ្ជាក់ឲ្យឃើញថា ក្រៅពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ការចូលរួមរបស់យុវជនក្នុងការជួយជ្រុមជ្រែង និងគាំទ្រដល់រាជរដ្ឋាភិបាល បានធ្វើឱ្យភារកិច្ចសំខាន់របស់ប្រទេសជាតិមានភាពជោគជ័យ ជាក់ស្ដែងកម្លាំង នៃការចូលរួមរបស់យុវជន ក្នុងពេលបច្ចុប្បន្នបានធ្វើឲ្យប្រទេសកម្ពុជា អាចទប់ស្កាត់បានការរីករាលដាលនៃជំងឺកូវីដ-១៩ ត្រឹមមួយកម្រិត។

លើសពីនេះទៀត សមាជិក សមាជិកា ស.ស.យ.ក. ទាំងអស់ដែលតែងតែលះបង់អស់កម្លាំងកាយចិត្តស្ម័គ្រចិត្តចូលរួមមិនរុញរា និងនៅតែបន្ដសកម្មភាពយ៉ាងសកម្មដើម្បីសង្គមជាតិ បានបង្ហាញឲ្យឃើញពីការឆ្លើយតបយ៉ាងត្រឹមត្រូវជាមួយទិសស្លោក «យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ»

ប្រសិនបើគេនិយាយអំពីការប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឹកូវីដ-១៩ គេប្រាកដជានឹកឃើញដល់ការចូលរួមរបស់យុវជនស្ម័គ្រចិត្ត ដែលជាកម្លាំងដ៏ធំមួយ មានការត្រៀមលក្ខណៈពេញលេញ ទាំងធនធានមនុស្ស សមត្ថភាព និងទឹកចិត្ត ឆន្ទៈមោះមុត។ នេះមិនមែនជាការចៃដន្យនោះទេ ដែលការពោលពាក្យសរសើរ និងថ្លែងអំណរគុណពីសំណាក់ប្រជាពលរដ្ឋ អាជ្ញាធរដែនដីចំពោះក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ត្រូវបានបន្លឺឡើងពីគ្រប់ទិសទី ជាប់ឥតដាច់។

កម្លាំងចិត្តដ៏រឹងមាំនេះហើយ ដែលបានជំរុញដល់យុវជនស្ម័គ្រចិត្តទាំងអស់ក្នុងការបន្តចូលរួមដោយមិនគិតនឿយហត់ និងជាពិសេស មិនខ្លាចនឹងការប្រឈមទាំងឡាយផងដែរ។ ការចូលរួមរបស់ ស.ស.យ.ក. គឺជាផ្នែកមួយតែប៉ុណ្ណោះនៃបណ្តាកិច្ចខិតខំប្រឹងប្រែង ទាំងឡាយរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្រុមគ្រូពេទ្យ អាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ច ក្នុងយុទ្ធនាការដ៏ធំ និងយូរអង្វែងមួយនេះ៕