(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានបង្គាប់ឱ្យ អាជ្ញាធររាជធានី-ខេត្តនានានៅកម្ពុជា ចាប់ផ្តើមគិតគូរពីការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ សាធារណៈនានា រួមទាំងបន្ទប់ទឹក ដោយធ្វើយ៉ាងណាសម្រួលដល់ជនពិការក្នុងមូលដ្ឋាន ចាប់ពីឆ្នាំ២០១៦នេះតទៅ។
តាមរយៈលិខិតរបស់ក្រសួងមហាផ្ទៃ ដែលធ្វើឡើងដោយ លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ផ្ញើទៅកាន់ អភិបាលរាជធានី-ខេត្តនានា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ បានឱ្យដឹងថា ការសម្រេចឱ្យសាងសង់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដោយសម្រួលសម្រាប់ជនពិការ នៅរាជធានី-ខេត្តនាពេលនេះ ធ្វើឡើងទៅតាមចំណាររបស់ សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងសំណើរបស់ក្រុមប្រឹក្សាសកម្មភាពជនពិការ។
លិខិតរបស់លោក សក់ សេដ្ឋា បានសរសេរថា «ដើម្បីផ្តល់នូវភាពងាយស្រួល ដល់បងប្អូនដែលមានពិការភាព គ្រប់ប្រភេទនៅថ្នាក់ក្រោមជាតិ ក្នុងគោលបំណងដើម្បីជួយសម្រួលដល់ពួកគាត់ ក្នុងការប្រើប្រាស់សេវាហេដ្ឋារចនាសម្ព័ន្ធ សាធារណៈ ដោយភាពងាយស្រួល ស្នើឱ្យឯកឧត្តម ដាក់បញ្ចូលការគិតគូរដល់ជនពិការគ្រប់ប្រភេទ ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ នៅក្នុងមូលដ្ឋានរបស់ខ្លួន រួមទាំងបន្ទប់ទឹក សម្រាប់ជនពិការ ស្របតាមច្បាប់ស្តីពីជនពិការ ស្តង់ដារជាសាកលសម្រាប់ជនពិការ ដោយចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំ២០១៦ នេះតទៅ»។
កន្លងមក នៅតាមទីសាធារណៈនានា ជនពិការតែងតែជួបផលវិបាក ដោយពុំអាចប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ងាយស្រួលដូចអ្នកមានកាយសម្បទាធម្មតា។ ជនពិការតែងតែទទូចឱ្យរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរមូលដ្ឋាន សម្រួលដល់ការរស់នៅរបស់ពួកគេ៕
ខាងក្រោមនេះ ជាលិខិតរបស់ក្រសួងមហាផ្ទៃ៖