(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំមួយ ដោយអនុញ្ញាតឱ្យ ភោជនីយដ្ឋាន អាហារដ្ឋាន ដែលអាចធានាបាននូវវិធានសុវត្ថិភាព ផ្នែកសុខាភិបាល ជាពិសេសរក្សាបាននូវគម្លាតសុវត្ថិភាពបុគ្គល និងសង្គម អាចដំណើរការអាជីវកម្មជាប្រក្រតី និងអាចទទួលអតិថិជនឱ្យចូលមកទទួលទាន ក្នុងបរិវេណទីតាំងរបស់ខ្លួនបាន។ នេះបើតាមសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា អនុលោមតាមសារាចរលេខ ០៤ សរ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពី ការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រដ្ឋបាលរាជធានី ភ្នំពេញ បានដាក់ចេញនូវសេចក្តីសម្រេចលេខ ២៤៩/២១ សសរ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការដាក់ ចេញនូវវិធានការរដ្ឋបាល នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពី ម៉ោង ២៣:៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។ ជាគោលការណ៍ ត្រង់ប្រការ៥ ត្រេទី២ បានចែងថា «គ្រប់ទីផ្សារ ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ អាចដំណើរការជាប្រក្រតី ប៉ុន្តែ ត្រូវប្រកបអាជីវកម្មរបស់ខ្លួនត្រឹមតែជាលក្ខណៈវេចខ្ចប់ប៉ុណ្ណោះ៖ ដោយមិនត្រូវអនុញ្ញាតឱ្យអតិថិជនចូលមកទទួល ទាននៅក្នុងបរិវេណអាជីវកម្មដ្ឋានរបស់ខ្លួនឡើយ»។ យ៉ាងណាមិញ ដោយពិនិត្យឃើញថាបងប្អូនប្រជាពលរដ្ឋ និងវិស័យឯកជន ជាពិសេសគណៈគ្រប់គ្រងសណ្ឋាគារ និងម្ចាស់ភោជនីយដ្ឋាន-អាហារដ្ឋានដែលមានស្ដង់ដារ- អនាម័យ បានចូលរួមអនុវត្តលើការងារនេរបានល្អប្រសើរ និងដើម្បីជាការជំរុញចរន្តសេដ្ឋកិច្ច ក្នុងអំឡុងពេល នៃការវិធានការរដ្ឋបាល នោះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖
១៖ ភោជនីយដ្ឋាន-អាហារដ្ឋានក្នុងសណ្ឋាគារ និងភោជនីយដ្ឋាន-អាហារដ្ឋានដែលអាចធានាបាននូវវិធាន សុវត្ថិភាពផ្នែកសុខាភិបាល ជាពិសេសការរក្សាបាននូវគម្លាតសុវត្ថិភាពបុគ្គល និងសង្គម អាចដំណើរការ អាជីវកម្មជាប្រក្រតី និងអាចទទួលអតិថិជនឱ្យចូលមកទទូលទានក្នុងបរិវេណអាជីវកម្មដ្ឋានរបស់ខ្លួនបាន ប៉ុន្តែ ចាំបាច់ត្រូវកំណត់ចំនួនអតិថិជន ក្នុងបរិមាណសមរម្យសមាមាត្រទៅនឹងទំហំទីតាំង ដើម្បីរក្សាឱ្យ បានជាដាច់ខាតនូវគម្លាតសុវត្ថិភាពបុគ្គល-សង្គម និងដើម្បីធានាឱ្យមានខ្យល់ចេញ-ចូលគ្រប់គ្រាន់ ដោយ ត្រូវចៀសវាងការប្រជ្រៀតគ្នា ឬ ប្រមូលផ្តុំមនុស្សច្រើន ដែលជាហានិភ័យនៃការចម្លងវីរុសកូវីដ-១៩ ក៏ដូចជាត្រូវគូសគំនូសសម្រាប់អតិថិជនដើម្បីរក្សាគម្លាត ១,៥ ម៉ែត្រ ក្នុងបរិវេណអាជីវកម្មដ្ឋាននីមួយៗ។
២៖ ភោជនីយដ្ឋាន-អាហារដ្ឋានដែលត្រូវបានអនុញ្ញាតដូចក្នុងចំណុចទី១ ខាងលើនេះ៖ ដាច់ខាតមិនត្រូវលក់ គ្រឿងស្រវឹង ឬ អនុញ្ញាតឱ្យអតិថិជនសេពគ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងបរិវេណអាជីវកម្មដ្ឋានរបស់ ខ្លួនឡើយ ជាពិសេសត្រូវអនុវត្តបម្រាមគោចរ ដោយផ្អាកជាបណ្តោះអាសន្ននូវរាល់សកម្មភាពអាជីវកម្ម នៅចន្លោះរម៉ោង ២១ (ម្ភៃមួយ) ដល់ម៉ោង ៣ (បី) និងត្រូវអនុវត្តតាមខ្លឹមសារទាំងឡាយ ដែលបាន កំណត់ក្នុងសេចក្តីសម្រេចលេខ ២៤៩/២១ សសរ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ របស់រដ្ឋបាល រាជធានីភ្នំពេញ ស្តីពីការដាក់ចេញនូវវិធានការរដ្ឋបាល នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់ រយៈពេល ១៥ (ដប់បួន) ថ្ងៃ គិតចាប់ពីម៉ោង ២៣:៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូត ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។
៣៖ គណៈគ្រប់គ្រងសណ្ឋាគារ និងម្ចាស់ភោជនីយដ្ឋាន-អាហារដ្ឋាននីមួយៗ ត្រូវអនុវត្តវិធានការសុវត្ថិភាព ផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ការធ្វើ អនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ ការស្កេន QR Code និងត្រូវអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ ៣ ការពារ និង ៣ ភ្ជុំ`` របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
៤៖ រដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរទេសចរណ៍រាជធានីភ្នំពេញ ត្រូវសហការចុះត្រួតពិនិត្យតាមបណ្តា គោលដៅសណ្ឋាគារ និងភោជនីយដ្ឋាន-អាហារដ្ឋានគ្រប់ប្រភេទ ក្នុងរាជធានីភ្នំពេញ ដើម្បីធានាការ អនុវត្តឱ្យបានត្រឹមត្រូវតាមខ្លឹមសារនៃសេចក្តីណែនាំនេះ។ ក្នុងករណីរកឃើញថា គណៈគ្រប់គ្រងសណ្ឋាគារ ឬ ម្ចាស់ភោជនីយដ្ឋាន-អាហារដ្ឋានណាមួយ អនុវត្តមិនបានត្រឹមត្រូវ ឬ អនុវត្តខុសពីខ្លឹមសារនៃសេចក្តី ណែនាំនេះ ត្រូវចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយគ្មានការលើកលែងឡើយ៕