(ភ្នំពេញ)៖ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញមេរោគកូវីដ១៩បំប្លែងខ្លួនថ្មី ចំនួន៤២ករណីថែមទៀត ដែលធ្វើឱ្យមេរោគថ្មីនេះកើតឡើងប្រមាណ ជិត៣០០ករណី នៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះ។
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា ក្នុងចំណោម៤២ករណី ដែលត្រូវបានរកឃើញថ្មីនេះ មាននៅខេត្តកំពង់ធំ ចំនួន៤នាក់ ខេត្តឧត្តរមានជ័យចំនួន ១៥នាក់ រាជធានីភ្នំពេញចំនួន៥នាក់ និងខេត្តសៀមរាប១៨នាក់។
លោកស្រីបញ្ជាក់ដូច្នេះថា៖ «នេះបង្ហាញឱ្យឃើញថា វីរុសដែលតានេះមិននៅស្ងៀមទេ ហើយកំពុងចម្លងជាបន្តបន្ទាប់»៕
សូមបញ្ជាក់ថា រហូតដល់ពេលនេះ កម្ពុជាបានរកឃើញ មេរោគបំប្លែងថ្មី Delta ជាង២៦០ករណីហើយ ខណៈដែលមេរោគនេះកំពុងរាលដាលយ៉ាងខ្លាំងនៅប្រទេសថៃ និងតំបន់អាស៊ាន។ គិតត្រឹមព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៧៩,០៥១នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៧២,១៤៥នាក់ និងស្លាប់សរុបចំនួន ១,៤៧១នាក់៕