(ភ្នំពេញ)៖ មោទនភាពថ្មីមួយទៀតរបស់កម្ពុជា នៅពេលដែលមានមន្រ្តីរាជការវ័យក្មេងប្រកបដោយសក្តានុពលទេពកោសល្យ និងវិជ្ជាជីវៈ សរុបចំនួន ៨ រូប បានចូលរួមបង្ហាញនូវសមត្ថភាពនៅលើឆាកអន្តរជាតិ ទាំងក្នុងវិស័យការងារ ក៏ដូចជាការអភិវឌ្ឍសមត្ថភាព ជាពិសេសភាពជាអ្នកដឹកនាំក្នុងពេលអនាគត។ ពួកគេត្រូវបានជ្រើសរើសឱ្យសិក្សានៅសាលាគោលនយោបាយសាធារណៈ លី ក្វាន់យូ (Lee Kuan Yew School of Public Policy) នៃសាកលវិទ្យាល័យជាតិសិង្ហបុរី (National University of Singapore)។
ការសិក្សារបស់យុវជនកម្ពុជាទាំង ៨ រូបនោះ ត្រូវបានបែងចែកជាពីកម្រិត រួមមាន៖
* ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញរដ្ឋបាលសាធារណៈ មានចំនួន ៥ រូប៖
ទី១៖ លោកស្រី កែន បូព្រាង (មន្ត្រីរាជការមកពីក្រសួងបរិស្ថាន)
ទី២៖ កញ្ញា អឿន បញ្ចនាថ(មន្ត្រីរាជការមកពីក្រសួងបរិស្ថាន)
ទី៣៖ លោក មឿន សុភេទ (មន្ត្រីរាជការមកពីក្រសួងបរិស្ថាន)
ទី៤៖ លោក វង្ស ម៉េង (មកពីរាជបណ្ឌិត្យសភាកម្ពុជា)
ទី៥៖ លោក សេង ច័ន្ទភ័ក្តី (មន្ត្រីរាជការមកពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ)។
* ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញគោលនយោបាយសាធារណៈ មានចំនួន ៣ រូប៖
ទី១៖ លោក ស៊ុ សុវណ្ណដិកា (មន្ត្រីរាជការមកពីក្រសួងបរិស្ថាន)
ទី២៖ លោក លាភ ស៊ុយទ្រី (មន្ត្រីរាជការមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)
ទី៣៖ លោក ហួរ ឆាយ (មន្ត្រីរាជការមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)។
និស្សិតកម្ពុជាទាំង ៨ រូបខាងលើបានប្តេជ្ញាថា នឹងខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវ យកនូវចំណេះដឹង បទពិសោធន៍ ដើម្បីពង្រឹងបន្ថែមនូវសមត្ថភាព ជាពិសេសលើភាពអ្នកដឹកនាំផ្ទាល់ខ្លួន ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។
សូមបញ្ជាក់ថា ដើម្បីមានឱកាសអាចបន្តការសិក្សានៅសាលាគោលនយោបាយសាធារណៈ លី ក្វាន់យូ នេះបាន បេក្ខជនត្រូវឆ្លងកាត់ការដាក់ពាក្យ និងការសម្ភាសន៍ពីសំណាក់គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃរបស់សាលាជាមុនសិន។
សម្រាប់ឆ្នាំ២០២១នេះ ចំនួនបេក្ខជនសរុបទូទាំងពិភពលោកដែលបានដាក់ពាក្យមកកាន់កម្មវិធីសិក្សាថ្នាក់ក្រោយឧត្តមសិក្សា (បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត) នៅសាលាលីខ្វាន់យូមានចំនួនជាង ១,០០០នាក់ ហើយក្នុងនោះបេក្ខជនមកពីតំបន់អាស៊ានដែលទទួលបានជោគជ័យ និងត្រូវបានអនុញ្ញាតឱ្យចូលសិក្សាមានចំនួន ៨៦ នាក់ រួមមាន៖ ប្រទេសសិង្ហបុរី (ប្រទេសសាមី) ៥១នាក់, ប្រទេសកម្ពុជា ៨នាក់, ឥណ្ឌូណេស៊ី ៨នាក់, ម៉ាឡេស៊ី ៦នាក់, ហ្វីលីពីន ៦នាក់, វៀតណាម ៣នាក់, មីយ៉ាន់ម៉ា ២នាក់ និងប្រទេសថៃ ២នាក់។
ក្នុងឆ្នាំ២០២១នេះ សាកលវិទ្យាល័យជាតិសិង្ហបុរី ត្រូវបានចាត់ចំណាត់ថ្នាក់ជាគ្រឹះស្ថានប្រកបដោយគុណភាពសិក្សាខ្ពស់នៅអាស៊ី និងនៅលើពិភពលោក៕