(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេសកម្ពុជា នៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ បានប្រគល់រថយន្ដសម្រាប់ដឹកវ៉ាក់សាំង ចំនួន១៣គ្រឿងបន្ថែមទៀត ដល់មន្ទីរសុខាភិបាលរាជធានី-ខេត្ត ចំនួន១៣ ដែលមានប្រជាពលរដ្ឋច្រើន។
មន្ទីរសុខាភិបាលដែលទទួលបានរថយន្ដសម្រាប់ដឹកវ៉ាក់សាំងមួយគ្រឿងបន្ថែមទៀតនេះ រួមមាន៖ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ, បន្ទាយមានជ័យ, បាត់ដំបង, កំពង់ចាម, កំពង់ស្ពឺ, កំពង់ធំ, កំពត, កណ្ដាល, ព្រៃវែង, សៀមរាប, ស្វាយរៀង, តាកែវ និងមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ។ បណ្ដាខេត្តទាំងនេះ ទទួលបានរថយន្ដសម្រាប់ដឹកវ៉ាក់សាំងនេះ សរុប២គ្រឿង។
លោកស្រី ឱ វណ្ណឌីន បានឲ្យដឹងថា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេសកម្ពុជា នឹងបែងចែករថយន្ដសម្រាប់ដឹកវ៉ាក់សាំងនេះ ចំនួន៤០គ្រឿងបន្ថែមទៀត ដែលកំពុងបញ្ជាទិញក្រោយមានការណែនាំពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅពេលដែលរថយន្ដនោះមកដល់ប្រទេសកម្ពុជា។
លោកស្រីបានបន្ថែមថា រថយន្ដសម្រាប់ដឹកវ៉ាក់សាំងនេះ ត្រូវកម្មង់បញ្ជាទិញមកពីក្រៅប្រទេស ព្រោះរថយន្ដប្រភេទនេះមិនមាននៅស្រុកខ្មែរនោះទេ។ រថយន្ដនេះទៀតសោត មានលក្ខណៈសមស្របសម្រាប់ការដឹកជញ្ជូននូវវ៉ាក់សាំង ដែលនៅផ្នែកខាងក្រោយមានផ្ទុកនៅម៉ាស៉ីនត្រជាក់ ដើម្បីធានាដល់គុណភាពនៃវ៉ាក់សាំង។
បើតាមលោកស្រី ឱ វណ្ណឌីន រថយន្ដនេះមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីបម្រើដល់ផលប្រយោជន៍ នៃកិច្ចការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា។
សូមជម្រាបថា រហូតមកដល់ពេលនេះ រថយន្ដសម្រាប់ដឹកវ៉ាក់សាំងកូវីដ១៩ មានសរុបចំនួន៦០គ្រឿង។ ការប្រគល់លើកនេះជាលើកទី៣ហើយ ខណៈលើកទី១ ត្រូវបានប្រគល់ជូនក្រសួងការពារជាតិ ចំនួន១០គ្រឿង និងលើកទី២ ប្រគល់ជូនមន្ទីរសុខាភិបាលរាជធានី-ខេត្ត ទាំង២៥៕