(ភ្នំពេញ)៖ ព្រោះការរីករាតត្បាតនៃជំងឺកូវីដ១៩ បានធ្វើឱ្យស្ថានភាពអប់រំប្រែប្រួលជាខ្លាំងក្នុងរយៈជិតពីរឆ្នាំមកនេះ។ ទ្វារសាលាត្រូវបានបិទ ដោយបានប្តូរមកការសិក្សាពីចម្ងាយជំនួសវិញ។
យុវតី សូ វីអូណា វ័យ ១៦ឆ្នាំ សិក្សាថ្នាក់ទី១១ នៅសាលាឯកជនមួយក្នុងរាជធានីភ្នំពេញ បើទោះបីសាលាកញ្ញាអាចបន្តរៀនតាមពីចម្ងាយយ៉ាងណាក្តី។ តែកញ្ញានៅតែចង់ឃើញសាលារៀនបើកទ្វារបង្រៀនប្រក្រតីឡើងវិញ ដើម្បីបានប្រាស្រ័យទាក់ទងជាមួយគ្រូ និងមិត្តភក្តិនៅសាលា។
ក្រោយពេលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រកាសអនុញ្ញាតឱ្យកុមារ និងយុវវ័យ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដើម្បីទៅសិក្សាលទ្ធភាពបើកទ្វារសាលារៀនឡើងវិញនោះ យុវតី សូ វីអូណា បានបង្ហាញការរីករាយជាខ្លាំង។
«ក្រោយពេលខ្ញុំបានទទួលព័ត៌មានសម្តេចតេជោអនុញ្ញាតឱ្យកុមារ និងយុវវ័យ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ខ្ញុំរីករាយមែនទែន។ អ្វីដែលខ្ញុំបានគិតដល់នោះ គឺវាមិនត្រឹមតែជួយការពារសុខភាពខ្ញុំពីជំងឺកូវីដ១៩ប៉ុណ្ណោះទេ តែវាជួយឱ្យសាលារៀនអាចបើកទ្វារឡើងវិញ ខ្ញុំអាចទៅសិក្សាដូចពីមុនវិញ»។ នេះជាការលើកឡើងរបស់យុវតី សូ វីអូណា។
យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់កុមារ និងយុវវ័យ បានចាប់ផ្តើមកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១។ ពិធីបើកយុទ្ធនាការត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។
ទាំងនៅរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ និងកោះកុង ដែលកំពុងដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យនេះ ត្រូវបានគេមើលឃើញថា មានកុមារ និងយុវវ័យដែលស្ថិតក្នុងចន្លោះអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ នាំគ្នាទៅចាក់វ៉ាក់សាំងយ៉ាងផុលផុស។
តាមរយៈរូបភាពនេះ ជាការស្តែងឱ្យឃើញពីការយល់ដឹងរបស់កុមារ និងយុវវ័យ ក៏ដូចជាអាណាព្យាបាលរបស់ពួកគេ ចំពោះគុណតម្លៃវ៉ាក់សាំងសម្រាប់សុខភាព និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
យុវតី សូ វីអូណា បានទៅចាក់វ៉ាក់សាំងរួចរាល់ហើយនៅថ្ងៃអង្គារ ទី០៣ ខែសីហា ឆ្នាំ២០២១នេះ ក្នុងមន្ទីរពេទ្យបង្អែកមួយក្នុងខណ្ឌ៧មករា។ សម្រាប់ វីអូណា គឺមិនមានអារម្មណ៍ភ័យ ឬព្រួយបារម្ភជាមួយនឹងវ៉ាក់សាំងនោះឡើយ។
កញ្ញា វីអូណា បានបញ្ជាក់ដូច្នេះថា «ក្រោយពេលចាក់វ៉ាក់សាំងហើយ ដូចជាមិនមានប្រតិកម្មអ្វីជាមួយសុខភាពរបស់ខ្ញុំនោះឡើយ ធម្មតា។ ខ្ញុំអត់មានព្រួយបារម្ភ ឬភ័យអ្វីនោះទេ ព្រោះខ្ញុំបានជឿជាក់ចំពោះការគិតគូររបស់រាជរដ្ឋាភិបាល គឺមិនយកវ៉ាក់សាំងមានបញ្ហាមកចាក់ឱ្យប្រជាពលរដ្ឋនោះឡើយ។ ហើយអ្នកវេជ្ជសាស្ត្រលើពិភពលោក ក៏គេមិនក្បត់វេជ្ជាជីវៈរបស់គេផលិតឱសថមកសម្លាប់មនុស្សនោះដែរ»។
ក្រោយពេលបានចាក់វ៉ាក់សាំងរួចរាល់ យុវតី វីអូណា បានលើកទឹកចិត្តដល់កុមារ និងយុវវ័យ ដែលស្ថិតក្នុងច ន្លោះអាយុអនុញ្ញាតឱ្យចាក់វ៉ាក់សាំង ទៅទទួលវ៉ាក់សាំងឱ្យបានគ្រប់គ្នា ដើម្បីការពារខ្លួនឯង គ្រួសារ និងសហគមន៍។ ជាពិសេសដើម្បីឱ្យសាលារៀនអាចបើកទ្វារបង្រៀនឡើងវិញ។
ជាមួយនឹងក្តីរីករាយនៃការបានចាក់វ៉ាក់សាំងនោះ កញ្ញា សូ វីអូណា ក៏បានគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ ហើយអនុញ្ញាតឱ្យចាក់ជូនកុមារ និងយុវវ័យ។
កញ្ញា សូ វីអូណា បានបង្ហាញការយល់ឃើញរបស់ខ្លួនថា សម្តេចតេជោនាយករដ្ឋមន្ត្រី គឺជាមេដឹកនាំកម្ពុជា មួយរូបដែលតែងតែយកចិត្តទុកដាក់លើប្រជាពលរដ្ឋ។ ជាពិសេសនោះ គឺតែងតែបានដាក់ចេញនូវការសម្រេចចិត្តមួយត្រឹមត្រូវ និងលឿនរហ័ស ដូចជាករណីគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ និងការរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ប្រទេសកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចប៉ុណ្ណោះ ដែលបានសម្រេចចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យអាយុចន្លោះពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ។ ក្នុងថ្ងៃប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នេះគឺជាមោទនភាពមួយសម្រាប់កម្ពុជា ដែលបានបោះជំហានទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យ។
របាយការណ៍របស់ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមថ្ងៃទី០២ ខែសីហា ក្រុមការងារចាក់វ៉ាក់សាំង បានចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យសរុបជិត ៨ម៉ឺននាក់៕