(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសម្រេចបង្កើតគណៈកម្មការតាមដាន វាយតម្លៃ និងលើកសរសើរការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ។

តាមប្រការ១ នៃសេចក្តីសម្រេចនេះបានឱ្យដឹងថា គណៈកម្មការដែលត្រូវបង្កើតថ្មីនេះ ត្រូវតាមដានមើលស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មាននៅកម្ពុជា ហើយបើឃើញថា ស្ថាប័នសារព័ត៌មាន ឬអ្នកសារព័ត៌មានណា បំពេញការងារត្រឹមត្រូវតាមវីជ្ជាជីវៈនិងក្រមសីលធម៌ គឺត្រូវលើកសរសើរ តែបើឃើញថា ស្ថាប័នសារព័ត៌មាន ឬអ្នកសារព័ត៌មានណា បំពេញការងារខុសវិជ្ជាជីវៈ និងក្រមសីលធម៌ ត្រូវដាក់ពិន័យ តាមច្បាប់ស្តីពីរបបសារព័ត៌មាន។

ការបង្កើតគណៈកម្មការនេះ គឺដើម្បីតម្រង់ទិសអ្នកសារព័ត៌មាន ក្នុងការបំពេញភារកិច្ចឱ្យបានត្រឹមត្រូវតាមក្រមសីលធម៌ វិជ្ជាជីវៈ សំដៅលើកស្ទួយកិត្តិយស សេចក្តីថ្លៃថ្នូរ កិត្យានុភាពរបស់អង្គភាពសារព័ត៌មាន និងបុគ្គលជាអ្នកសារព័ត៌មានផ្ទាល់។

សម្រាប់គណៈកម្មការនេះគឺមានលោក ប៊ុត បូវុត រដ្ឋលេខាធិការក្រសួងព័ត៌មាន ជាប្រធានគណៈកម្មការ អម ដោយអនុប្រធាន ២រូប និងអនុប្រធានអចិន្ត្រៃយ៍១រូប រួមទាំងសមាជិកមួយចំនួនផងដែរ៕