(ភ្នំពេញ)៖ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីស្រាយបំភ្លឺ ពាក់ព័ន្ធនឹងករណីវិវាទរបស់ក្រុមហ៊ុន ហ្គោលអេហ្វអិកស៍ អ៊ិនវេសម៉ិន (GoldFX Investment Co.,Ltd - GoldFX) ដែលបាននឹងកំពុងដោះស្រាយ ដោយនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.)។ នេះបើតាមសេចក្ដីស្រាយបំភ្លឺ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

សេចក្តីស្រាយបំភ្លឺ បានឲ្យដឹងថា ដោយសារនាពេលថ្មីៗនេះ មានសាធារណជន និងសារព័ត៌មានមួយចំនួន មានការភ័ន្តច្រលំ និងសួរសំណួរមកកាន់ក្រុមហ៊ុន ផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) ជារឿយៗ ពាក់ព័ន្ធនឹងករណីវិវាទរបស់ក្រុមហ៊ុន ហ្គោលអេហ្វអិកស៍ អ៊ិនវេសម៉ិន (GoldFX Investment Co.,Ltd - GoldFX) ដែលបាននឹងកំពុងដោះស្រាយ ដោយនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ផ.ម.ក. សូមស្រាយបំភ្លឺថា ផ.ម.ក. គឺជាសហគ្រាសសាធារណៈ ដែលមានភាគហ៊ុន របស់រាជរដ្ឋាភិបាលកម្ពុជា តំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំនួន ៥៥% និង ផ្សារមូលបត្រកូរ៉េ (KRX) ចំនួន ៤៥% ។

ផ្សារមូលបត្រកម្ពុជា ទទួលបានអាជ្ញាបណ្ណពីនិយ័តករមូលបត្រកម្ពុជា ធ្វើអាជីវកម្មជាប្រតិបត្តិករទីផ្សារមូលបត្រ ប្រតិបត្តិករប្រព័ន្ធផាត់ទាត់ និងទូទាត់មូលបត្រ និងប្រតិបត្តិកររក្សាទុកមូលបត្រ។ បច្ចុប្បន្ន ប្រភេទមូលបត្រដែលអាចចុះបញ្ជី និងដាក់ឲ្យជួញដូរបាននៅ ផ.ម.ក. រួមមានមូលបត្រកម្មសិទ្ធ (ភាគហ៊ុន) និងមូលបត្របំណុល (បណ្ណបំណុល) ដែលជាមូលបត្រដើមបោះផ្សាយដោយក្រុមហ៊ុនក្នុងស្រុក។

ការវិនិយោគលើ ភាគហ៊ុនរបស់ក្រុមហ៊ុនមួយ ធ្វើឲ្យវិនិយោគិនក្លាយជា ម្ចាស់ភាគហ៊ុន របស់ក្រុមហ៊ុននោះ ហើយការវិនិយោគលើ សញ្ញាបណ្ណវិញ ធ្វើឲ្យ
វិនិយោគិនក្លាយជាម្ចាស់បំណុល។ ចំណែកឯឧបករណ៍និស្សន្ន ដែលជាមូលបត្រមានតម្លៃយោងតាមតម្លៃរបស់មូលបត្រដើមដូចជា លោហធាតុមានតម្លៃ រូបិយប័ណ្ណ អត្រាការប្រាក់ ភាគហ៊ុន និងសន្ទស្សន៍ ជាដើម ពុំមានការជួញដូរនៅ ផ.ម.កទេ។ ហើយកន្លងមក មានការប្រើប្រាស់នូវពាក្យ «ភាគហ៊ុន» ឬ «ហ៊ុន» ដើម្បីសំដៅដល់ឧបករណ៍និស្សន្នទាំងនេះ ជាការមិនត្រឹមត្រូវទេ។

ផ.ម.ក មានក្រុមហ៊ុនឈ្មួញជើងសាមូលបត្រ ដែលជាសមាជិកចំនួន ១១។ វិនិយោគិន ដែលមានបំណងជួញដូរមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុល ដែលចុះបញ្ជីនៅ ផ.ម.ក. ត្រូវមានគណនីជួញដូរនៅក្រុមហ៊ុនឈ្មួញជើងសាមូលបត្រណាមួយ ក្នុងចំណោមក្រុមហ៊ុនទាំង ១១ និងអាចដាក់បញ្ចាជួញដូរ តាមរយៈក្រុមហ៊ុនឈ្មួញ ជើងសាមូលបត្ររបស់ខ្លួន ឬដោយខ្លួនឯងផ្ទាល់តាមប្រព័ន្ធជួញដូរចល័ត (MTS)។

បញ្ជីមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុល រួមទាំងបញ្ជីក្រុមហ៊ុនឈ្មួញជើងសារមូលបត្រទាំង១១ ដែលជាសមាជិករបស់ ផ.ម.ក. ត្រូវបានភ្ជាប់មកជាមួយ នៅខាងក្រោម។ វិនិយោគិនមិនអាចជួញដូរមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុល ជាមួយក្រុមហ៊ុនឈ្មួញជើងសាមូលបត្រ ដែលមិនស្ថិតនៅក្នុងបញ្ជីសមាជិករបស់ ផ.ម.ក. ឡើយ។

ក្នុងន័យនេះ ផ.ម.ក សូមលើកទឹកចិត្តវិនិយោគិន គួរសួរបញ្ជាក់ពីប្រភេទផលិតផល ហិរញ្ញវត្ថុដែលអាចជួញដូរបានឲ្យបានច្បាស់លាស់សិន មុននឹងបើកគណនីជួញដូរ ជាមួយក្រុមហ៊ុនឈ្មួញជើងសាមូលបត្រណាមួយ។

រាល់ការជួញដូរនៅ ផ.ម.ក គឺប្រព្រឹត្តឡើងដោយតម្លាភាព គោរពតាមនីតិវិធី បទប្បញ្ញត្តិដែលមានចែងនៅក្នុងវិធានជួញដូរ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន ហើយរាល់ព័ត៌មាន អំពីការជួញដូរប្រចាំថ្ងៃត្រូវបានផ្សព្វផ្សាយជាសាធារណនៅលើគេហទំព័ររបស់ ផ.ម.ក. និងប្រព័ន្ធផ្សព្វផ្សាយជាច្រើនទៀត។

វិនិយោគិនទាំងអស់ ក៏អាចតាមដាន ពិនិត្យមើលសមតុល្យសាច់ប្រាក់ មូលបត្រ ក៏ដូចជាប្រតិបត្តិការជួញដូរទាំងអស់របស់ខ្លួនបានភ្លាមៗផងដែរ។ ផ.ម.ក បានប្តេជ្ញាខិតខំឲ្យអស់ពីលទ្ធភាព ដើម្បីរក្សានូវបរិយាកាសជួញដូរ ដែលប្រកបដោយភាពយុត្តិធម៌ និងតម្លាភាព ដើម្បីរក្សាទំនុកចិត្តនិងផលប្រយោជន៍
របស់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស៕