(ភ្នំពេញ)៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានថ្លែងចាត់ទុកសៀវភៅ «យុទ្ធសាស្រ្តគយ ស្តីពីអនុលោមភាព និងការអនុវត្តច្បាប់» ថានឹងជួយលើកកម្ពស់ការយល់ដឹងឱ្យកាន់តែទូលំទូលាយបន្ថែមទៀតដល់មន្រ្តីគយ និងរដ្ឋាករ។
ការបញ្ជាក់របស់លោករដ្ឋមន្ត្រីប្រតិភូ ធ្វើឡើងក្នុងឱកាសដែលរូបលោក និងលោកស្រី KAMEI Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្ដិការអន្ដរជាតិជប៉ុនប្រចាំនៅកម្ពុជា (Japan International Cooperation Agency-JICA Cambodia) បានអញ្ជើញក្នុងពិធីប្រគល់-ទទួលសៀវភៅ «យុទ្ធសាស្រ្តគយ ស្តីពីអនុលោមភាព និងការអនុវត្តច្បាប់» ជាភាសាអង់គ្លេសចំនួន ២,០០០ក្បាល នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ។
លោករដ្ឋមន្រ្តីប្រតិភូបានគូសបញ្ជាក់ថា សៀវភៅ យុទ្ធសាស្រ្តគយ ស្តីពីអនុលោមភាព និងការអនុវត្តច្បាប់ ឆ្នាំ២០២០ -២០២៣ ត្រូវបានបោះពុម្ភ និងផ្សព្វផ្សាយជាភាសាខ្មែររួចរាល់។ ដើម្បីលើកកម្ពស់ការយល់ដឹងឱ្យកាន់តែទូលំទូលាយបន្ថែមទៀតដល់មន្រ្តីគយ និងរដ្ឋាករ ជាពិសេសដើម្បីផ្សព្វផ្សាយដល់ដៃគូអភិវឌ្ឍ ផ្នែកឯកជន និងភាគីពាក់ព័ន្ធ ក៏ដូចជាសម្រាប់ប្រើប្រាស់ជាឯកសារស្រាវជ្រាវ និងស្វែងយល់លើការងារគយ ស្តីពីអនុលោមភាព និងការអនុវត្តច្បាប់នោះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរៀបចំបកប្រែយុទ្ធសាស្រ្តនេះ ជាភាសាអង់គ្លេស ក្រោមការជួយគាំទ្រពីអ្នកជំនាញការ នៃមូលនិធិហិរញ្ញវត្ថុអន្តរជាតិ (IMF) និងបានទទួលការឧបត្ថម្ភបោះពុម្ភ ដោយ JICA Cambodia។
លោករដ្ឋមន្រ្តីប្រតិភូ ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះអង្គការ JICA នូវការ ផ្តល់ជំនួយបច្ចេកទេសជាបន្តបន្ទាប់ ក្នុងការចូលរួមកសាងសមត្ថភាព អគរ ឱ្យកាន់តែមានភាពរឹងមាំ។
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងតំណាង JICA បានប្តេជ្ញាចិត្តថា នឹងបន្តពង្រឹងកិច្ចសហការជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធថែមទៀត ក្នុងគោលដៅសម្រួលពាណិជ្ជកម្ម កែលម្អបរិយាកាសធុរកិច្ច ក៏ដូចជាចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែល្អប្រសើរ៕