(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ រួមនឹងក្រុមការងារ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញសួរសុខទុក្ខ និងផ្ដល់អំណោយដល់មន្ត្រីនៃមន្ទីរអង្គភាពចំនួន៣ ដែលកំពុងធ្វើចត្តាឡីស័ក ដោយសារតែជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ១៩។
មន្ទីរអង្គភាពទាំង៣ ដែលមន្ត្រីជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ នឹងកំពុងធ្វើចត្តាឡីស័ក នៅតាមអង្គភាពមនុស្ស មានដូចជា៖
*ទី១៖ មន្ទីរផែនការ ខេត្តកំពង់ចាម មានមន្ត្រី ៣៦នាក់ កំពុងធ្វើចត្តាឡីស័ក។
*ទី២៖ មន្ទីរពាណិជ្ជកម្ម ខេត្តកំពង់ចាម មានមន្ត្រី២១នាក់ កំពុងធ្វើចត្តាឡីស័ក។
*ទី៣៖ មន្ទីរទេសចរណ៍ ខេត្តកំពង់ចាម មានមន្ត្រី១២នាក់ កំពុងធ្វើចត្តាឡីស័ក។
សូមបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូនអង្គភាពមន្ទីរនីមួយៗដូចៗគ្នាដោយមន្ត្រីម្នាក់ៗ ទទួលបានអំណោយអង្ករ ២៥គីឡូក្រាម, មី១កេស។ ចំណែកទឹកសុទ្ធ ១០កេស, ជែល១កេស និងម៉ាស ១,០០០ម៉ាស សម្រាប់ប្រើប្រាស់ក្នុងអង្គភាព។
ទន្ទឹមនឹងការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់លោក អ៊ុន ចាន់ដា អភិបាលខេត្ត មន្រ្តីរាជការនៃមន្ទីរទាំង៣ ក៏បានសំដែងនូវការគោរព ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោកអភិបាលខេត្ត ដែលតែងតែបានយកចិត្តទុកដាក់ ដល់សុខទុក្ខប្រជាពលរដ្ឋទូទៅ ព្រមទាំងមន្រ្តីទាំងអស់ក្រោមឱវាទ ដោយបាននាំមកនូវគ្រឿងឧបភោគ បរិភោគជូនដល់មន្រ្តីរាជការ ដែលកំពុងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ បន្ថែមលើការផ្គត់ផ្គង់អាហារ ៣ពេល ក្នុងមួយថ្ងៃ ក្នុងអំឡុងពេលចត្តាឡីស័ក៕