(ភ្នំពេញ)៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ បានផ្ញើសារលិខិតមួយអបអរសាទរដល់ លោក វួង ឌីញហួ (Vương Đình Huệ) ដែលជាប់ឆ្នោតជាប្រធានរដ្ឋសភា នីតិកាលទី១៥ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងអំឡុងពេលសម័យប្រជុំ លើកទី១ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅ។
ក្នុងសារលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន សម្តេចហេង សំរិន បានបញ្ជាក់ថា៖ «ខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់ ឯកឧត្ដម នៃស្ថាប័ននីតិប្បញ្ញត្តិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចំណងមិត្តភាព ភាពជាអ្នកជិតខាងល្អ យូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយរវាងស្ថាប័ននីតិប្បញ្ញត្តិ និងប្រទេសយើងទាំងពីរ នឹង កាន់តែរីកលូតលាស់បន្ថែមទៀតក្នុងពេលអនាគត ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាជន នៃប្រទេសទាំងពីរជាបងប្អូន»។
ឆ្លៀតឱកាសនេះ សម្តេចបានថ្លែងអំណរគុណចំពោះសាធារណរដ្ឋសង្គមនិយម វៀតណាម ដែលបានផ្តល់ម៉ាស់មុខចំនួនរាប់ម៉ឺនម៉ាស ដល់កម្ពុជា ដើម្បីប្រើប្រាស់ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលបានរាតត្បាតប្រទេសជាច្រើន នៅទូទាំងពិភពលោក ហើយសម្តេចបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ តាមរយៈកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងជំនួយផ្នែកវេជ្ជសាស្ត្រ៕
ខាងក្រោមនេះជាសារលិខិតរបស់សម្តេច ហេង សំរិន៖