(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ បានចេញសេចក្ដីប្រកាសពីការស្លាប់ទារិកា មានអាយុ០២ខែម្នាក់ ជាមួយវិជ្ជមានកូវីដ១៩។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ដ បានឱ្យដឹងថា កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ទារិកា ដែលមានឈ្មោះ ប៊ិន យូជិន អាយុ០២ខែ រស់នៅក្នុងភូមិរុងរឿង៥ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ហើយត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅក្នុងមណ្ឌលព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាល កងពលធំអន្តរាគមន៍លេខ៣ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ទារិកាខាងលើ បានស្លាប់នៅវេលា ៤៖០០នាទីព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១។
បើតាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យផ្នែកកុមារ នៃមន្ទីរសុខាភិបាលខេត្ត និងក្រុមគ្រូពេទ្យយោធាថា ទារិកាឈ្មោះចិន យូជិន ស្លាប់ដោយសារជំងឺ Cerabral beriberi (កង្វះវីតាមីន B ធ្ងន់ធ្ងរ ប៉ះពាល់ដល់ខួរក្បាល)។
រដ្ឋបាលខេត្ត សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារនៃសព៕
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់ខេត្ដព្រះវិហារ៖