(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋរស់នៅឃុំផ្លូវទូក នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ពីដើមមកពួកគាត់សុទ្ធតែរស់នៅលើផ្ទះបណ្ដែតទឹកក្នុងព្រែក និងទន្លេជាង៩០% បានប្រកបមុខរបរនេសាទត្រីចិញ្ចឹមជីវិត និងមានតែ១០%ប៉ុណ្ណោះធ្វើស្រែចម្ការ។
ដោយអនុវត្តតាមផែនការរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅអំឡុងឆ្នាំ២០១៨ និង២០១៩ ប្រជាពលរដ្ឋនៅក្នុងឃុំផ្លូវទូកសរុបមានចំនួនជាង ៧០០គ្រួសារ បានបន្លាស់ទីពីក្នុងទឹក ឡើងមករស់នៅលើគោក ដោយអាជ្ញាធរ បានចែកដីលំនៅឋាន ក្នុងមួយគ្រួសារទទួលបាន ២០ម៉ែត្រ X១០០ម៉ែត្រ។ ប៉ុន្តែដីដែលបានចែកឱ្យខាងលើនេះ មានទំហំតូច មិនអាចបង្កបង្កើតផលធ្វើស្រែចម្ការចិញ្ចឹមជីវិតបានឡើយ ដូចនេះទើបពួកគាត់ស្នើសុំទៅអាជ្ញាធរស្រុក និងខេត្ត ដើម្បីសុំដីខ្លះសម្រាប់បង្កបង្កើនផល។ កន្លងមកអាជ្ញាធរ បានប្រាប់ពួកគាត់ថា ឲ្យពួកគាត់ទ្រាំបន្តិចសិនទៅ អាជ្ញាធរបានស្នើសុំអនុប្រយោគ ពីរាជរដ្ឋាភិបាលកាត់ដីតំបន់វាលស្រង៉ែ មានទំហំជាង ១,១០០ហិកតា ចែកជូនប្រជាពលរដ្ឋធ្វើស្រែចម្ការហើយ។
ពួកគាត់បានបន្តឲ្យដឹងទៀតថា កាលដែលអាជ្ញាធរបានណែនាំឱ្យពួកគាត់បន្លាស់ទីឡើងពីផ្ទះបណ្តែតទឹក មករស់នៅលើគោកវិញតាមផែនការរបស់រដ្ឋបាលខេត្ត កាលណោះអាជ្ញាធរបានសន្យាជាមួយនឹងពួកគាត់ចំនួន៥ ចំណុចរួចមាន៖
*ទី១៖ សន្យាថាសាងសង់សាលារៀន
*ទី២៖ សន្យាសង់មណ្ឌលសុខភាព
*ទី៣៖ សន្យាធ្វើផ្លូវពី ទីរួម ស្រុក កំពង់លែងមកកាន់ឃុំផ្លូវទូក
*ទី៤៖ សន្យាថា ជីកអណ្តូង និងស្រះទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់
*ទី៥៖ អាជ្ញាធរបានសន្យាថាចែកដីលំនៅឋាន រួមទាំងដីបង្កបង្កើនផល ជូនប្រជាពលរដ្ឋផងដែរ។
ពួកគាត់ថា មកដល់ពេលនេះការសន្យាទាំង៥ចំណុចខាងលើនេះ គឺអាជ្ញាធរអនុវត្តបាន៤ចំំណុចហើយ នៅតែមួយចំណុចដែលសន្យាថា ចែកដីជូនប្រជាពលរដ្ឋសម្រាប់ធ្វើ ស្រែចំការនោះ មកដល់ពេលនេះពួកគាត់ពុំទាន់ ទទួលបានដីនោះនៅឡើយទេ។
ពួកគាត់បានស្នើសុំដល់អាជ្ញាធរស្រុកខេត្ត ឲ្យជួយដោះស្រាយដីចែកពួកគាត់ បើមិនបានច្រើនសុំឱ្យបានបន្តិចបន្តួច សម្រាប់បង្កបង្កើនផលចិញ្ចឹមជីវិត ព្រោះពីដើមមក ពួកគាត់មានមុខរបរធ្វើការ នេសាទត្រី ដើម្បីដោះស្រាយ ជីវភាពគ្រួសារ តែពេលនេះពួកគាត់បានស្ម័គ្រចិត្តឡើងមករស់នៅលើគោកតាមការណែនាំរបស់អាជ្ញាធរអស់ហើយ ចំណែកមុខរបរនេសាទត្រី ពួកគាត់ក៏បានបោះបង់ចោលអស់ហើយដែរ ដោយងាកមកចាប់យកមុខរបរធ្វើស្រែ ចម្ការវិញ ហេតុនេះទើបពួកគាត់ត្រូវការឲ្យអាជ្ញាធរ ចែកដីឲ្យពួកគាត់បានខ្លះៗតែប៉ុណ្ណោះសម្រាប់បង្កបង្កើនផល។
ជុំវិញករណីខាងលើនេះ អភិបាលរងស្រុកកំពង់លែង លោក ចេង ចាន់ដូណា ធ្លាប់បានឲ្យអ្នកសារព័ត៌មានដឹងថា កន្លងមកអាជ្ញាធរស្រុក និងមន្ត្រីជំនាញបានចុះពិនិត្យ មើលដីនៅតំបន់វាលស្រង៉ែ គឺជាដីវាលពុំមានព្រៃលិចទឹកឡើយ ហើយនៅក្នុងអំឡុងឆ្នាំ២០១៩ អាជ្ញាធរស្រុក និងខេត្ត បានដាក់សំណើសុំអនុប្រយោគពីរដ្ឋាភិបាល ដោយសុំកាត់ដីតំបន់វាលស្រែនេះដែលមានចំនួនជាង ១,០០០ហិកតា ចែកប្រជាពលរដ្ឋក្នុងឃុំផ្លូវទូក ដែលទើបបម្លាស់ទីផ្ទះបណ្ដែតទឹក មករស់នៅលើគោក សម្រាប់ធ្វើស្រែចំការ តែមកដល់ពេលនេះ អនុប្រយោគមិនទាន់បានធ្លាក់មកនៅឡើយ។
លោកបានបញ្ជាក់ទៀតថា ដោយសារតែអត់មានដីសម្រាប់ចែកជូនពួកគាត់ធ្វើស្រែចម្ការ ទើបមានប្រជាពលរដ្ឋមួយចំនួន ក៏បានចុះទៅរស់នៅលើទូកក្នុងទឹកវិញ ដើម្បីប្រកបរបរនេសាទចិញ្ចឹមជីវិត។ លោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋនៅក្នុងឃុំផ្លូវទូក មេត្តាអត់ធ្មត់បន្តិចសិន អាជ្ញាធរស្រុកបាន ធ្វើសំណើតាមរយៈរដ្ឋបាលខេត្ត ដាក់ជូនទៅរាជរដ្ឋាភិបាល ស្នើសុំកាត់ដីនៅចំណុចខាងលើយកមកចែកជូនប្រជាពលរដ្ឋហើយ៕