(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២ ខែសីហា បានស្រាវជ្រាវ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ថ្មី សុរប ៩៧នាក់ ក្នុងនោះស្លាប់១នាក់ និងជាសះស្បើយថ្មី ៩០នាក់។
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តសៀមរាប បានបង្ហាញអត្តសញ្ញាណអ្នកកើតថ្មីខាងលើ ដែលរួមមាន ករណីទី១ ដល់ទី១០ ជាករណីមានប្រភពចម្លងចេញពីផ្សារចារឈូក ករណីទី១១ ដល់ទី១៨ ជាករណីឆ្លងមានប្រភពចម្លងចេញពីផ្សារលើធំថ្មី។ ក្នុងនោះ ករណីទី១៩ ដល់ទី២១ ជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ឃ្លាំង និងករណទី២២ ដល់ទី៣០ ជាអ្នកដំណើរមកពីរាជធានីភ្នំពេញ ខេត្តកំពត ខេត្តកែប និងខេត្តបន្ទាយមានជ័យ ចំពោះករណីទី៣១ ដល់ទី៥១ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។
ដោយឡែក ករណីទី៥២ ដល់ទី៩៧ គឺជាប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័ក នៅវិទ្យាល័យសម្តេចឪ។
ចំណែកអ្នកជាសះស្បើយទាំង៩០នាក់ ខាងលើ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែកត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
រីឯករណីស្លាប់ចំនួន១ករណី ឈ្មោះ គឹម សុឌីណា ភេទស្រី អាយុ៦៤ឆ្នាំ អាសយដ្ឋាននៅភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ និងបានស្លាប់ នៅថ្ងៃទី២ ខែសីហា វេលាម៉ោង១៤៖៣០នាទី ដោយជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។
សូមបញ្ជាក់ថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៦២៥នាក់ បានព្យាបាលជាសះស្បើយចំនួន២៤០៦នាក់ ស្លាប់៤៩នាក់ និង២២១៩នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក៕