(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រេបិទខ្ទប់ផ្សារចំការគរ ជាផ្សាររដ្ឋដែលធំជាងគេបង្អស់នៅក្រុងសិរីសោភ័ណ ស្ថិតនៅផ្លូវជាតិលេខ៦ ភូមិមួយ សង្កាត់ព្រះពន្លា ចាប់ពីព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះតទៅ ក្រោយរកឃើញវិជ្ជមានកូវីដ១៩ លើអាជីវករ អតិថិជន និងកម្មករមួយចំនួននៅក្នុងនោះ។
ក្នុងឱកាសចុះបិទផ្សារនេះលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ ក៏បានដឹកនាំក្រុមគ្រូពេទ្យជួរមុខ កងកម្លាំង ទាំង៣ប្រភេទចុះអន្តរាគមន៍ភ្លាមដើម្បីយកសំណាក រកមេរោគកូវីដ១៩ ពីក្រុមអាជីវករ កម្មករ និងអតិថិជន ដែលប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ១៩។
លោក អ៊ុ រាត្រី ក៏បានណែនាំឱ្យរដ្ឋបាលក្រុងសិរីសោភ័ណ រៀបចំកំណាត់ផ្លូវលេខ៤ ខាងលិចក្រោយផ្សាសម្រាប់ការតាំងលក់បន្លែត្រីសាច់ និងគ្រឿងទេសសំរួលដល់ការ ទិញ ដូរ របស់ពលរដ្ឋ និងរក្សាអនាម័យ គម្លាតសុវត្តិភាព ពិសេសរក្សាការណែនាំរបស់ក្រសួងសុខាភិបាល «៣កុំ និង៣ការពារ» ផងដែរ។
លោកវេជ្ជបណ្ឌិត អ៊ាវ ដារ៉ាវុធ ប្រធានមន្ទីរពេទ្យបង្អែកសិរីសោភ័ណ បានឱ្យដឹងថា ករណីផ្សារចំការគរនេះ ក៏ពាក់ព័ន្ធនឹងកម្មករនៅរោងសិបកម្មផលិតទឹកកក យីហោសេះហោះ ដែលវិជ្ជមានកូវីត១៩នេះដែរ។ ប៉ុន្តែជាទូទៅការផ្ទុះ កូវីដ១៩ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គេពិបាកកំណត់ថា វាបានឆ្លងកូវីដ១៩ ពីណាមកនោះទេ ដូច្នេះសំខាន់ពេលឆ្លងហើយត្រូវបិទទីតាំងនោះ ហើយឱ្យអ្នកប៉ះពាលើផ្ទាល់និងប្រយោលត្រូវចេញទៅជួបគ្រូពេទ្យ ជួរមុខយកសំណាកពីថ្ងៃទី១ ខែសីហា តទៅ។
សូមរំលឹកថា កម្មកររបស់សិប្បកម្មផលិតទឹកកកយីហោះសេះហោះ នៅផ្លូវជាតិលេខ៦ ភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ បានមកយកសំណាកនៅសាលាបឋមសិក្សា ហ៊ុន សែន សូភី កាលពីថ្ងៃទី១ ខែសីហា ហើយលទ្ធផលវិជ្ជមានកូវីដ១៩ ចំនួន៥-៦នាក់។
នៅរសៀលថ្ងៃទី១ ខែសីហា ក៏ត្រូវបិទខ្ទប់សិប្បកម្មផលិតទឹកកកហោះនោះ ហើយកម្មករ នៃសិប្បកម្មដែលជាអ្នកអវិជ្ជមានកូវីដ១៩ ក៏បានដឹកទឹកកក ចេញចូលផ្សារចម្ការគ ដែរបូកនឹងមានករណីអ្នកចម្លងផ្សេងទៀត ទើបរដ្ឋបាល ក្រុងសិរីសោភ័ណ និងខេត្តបន្ទាយមានជ័យ សម្រេចបិទខ្ទប់ផ្សារចំការគរនេះ ហើយអ្នកពាក់ព័ន្ធជាអាជីវករ កម្មករអនាម័យ អ្នកហូតភាស៊ុ សន្តិសុខ អតិថិជនរាប់រយពាន់នាក់ត្រូវបានចេញមកយកសំណាក ជាមួយគ្រូពេទ្យជូរមុខនៃមន្ទីរសុខាភិបាលខេត្ត ពីព្រឹកថ្ងៃទី០២ ខែសីហា តទៅ។
ទៅជាយ៉ាងណា នៅចំណុចទីតាំងផ្សារចំការគរនេះ ពិសេសកន្លែងលក់ម្ហូបអាហារ គ្រឿងទេស ឃើញមានអតិថិជនជាច្រើននាក់ បានសម្រុកទម្លុះចេញកាត់ខ្សែបិទខ្ទប់ នេះផងដែរ៕