(សៀមរាប)៖ មន្ទីរពេទ្យកុមារអង្គរ នឹងរៀបចំពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីឆ្នាំទី៨ តាមប្រព័ន្ធអនឡាញ ជាលើកដំបូង អំឡុងពេលមានវិបត្តិជំងឺកូវីដ១៩។
វិបត្តិជំងឺកូវីដ១៩ បានបន្តអូសបន្លាយ បណ្ដាលឱ្យមន្ទីរពេទ្យកុមារអង្គរ រងការប៉ះពាល់គួរឱ្យកត់សម្គាល់លើផ្នែកហិរញ្ញវត្ថុ ព្រោះព្រឹត្តិការណ៍ ឬសកម្មភាពរៃអង្គាសមួយចំនួនធំ មិនអាចប្រព្រឹត្តិទៅបាន ហើយជំនួយមូលនិធិក្រុមហ៊ុនអាជីវកម្ម ឬសប្បុរសជន ដែលធ្លាប់ផ្តល់ជំនួយមកកាន់មន្ទីរពេទ្យ ក៏មានការធ្លាក់ចុះខ្លាំងផងដែរ។
មន្ទីរពេទ្យកុមារអង្គរ បានសម្របខ្លួននៅក្នុងបរិបទថ្មី គ្រោងរៀបចំប្រារព្ធពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីឆ្នាំទី៨ ដើម្បីកៀរគរមូលនិធិជួយដល់មន្ទីរពេទ្យ តាមរយៈប្រព័ន្ធអនឡាញ ជាលើកដំបូងក្នុងអំឡុងពេលដ៏លំបាកនេះ។
តាមសេចក្ដីប្រកាសព័ត៌មានរបស់មន្ទីរពេទ្យកុមារអង្គរ ពិធីបុណ្យខាងលើនេះ នឹងធ្វើឡើងមាន២វគ្គ ដែលវគ្គទី១ ជាកម្មវិធីសម្ដែងព្រះធម៌ទេសនាជាធម្មទាន និងជាការផ្សព្វផ្សាយដំណឹងរបស់ពិធីបុណ្យតាមប្រព័ន្ធអនឡាញ ដោយធម្មកថិកល្បីៗទាំងក្នុង និងក្រៅប្រទេស នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកមន្ទីរពេទ្យកុមារអង្គរ ចាប់ពីម៉ោង ៩ ដល់ម៉ោង១០ព្រឹក រៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៨ ខែ សីហា ឆ្នាំ២០២១ ជាមួយប្រធានបទល្អៗ ខុសៗគ្នា។
រីឯវគ្គទី២ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែសីហា ដោយអ្នកចូលរួមមានចំនួនកំណត់ ស្របតាមវិធានសុខាភិបាលអំឡុងពេលជំងឺកូវីដ១៩ ដែលកម្មវិធីនឹងធ្វើឡើងនៅបរិវេណមន្ទីរពេទ្យកុមារអង្គរ ដែលក្នុងនោះមានកម្មវិធីសូត្រមន្តចម្រើនព្រះបរិត្ត និងកម្មវិធីសម្ដែងព្រះធម្មទេសដោយធម្មកថិកចំនួន៧អង្គ ឆ្លងឆ្លើយអំពី «អរិយទ្រព្យ ៧ ប្រការ» ជាកិច្ចបង្ហើយបុណ្យ។
ដោយមើលឃើញពីផលលំបាករបស់មន្ទីរពេទ្យ ក្នុងនោះ ព្រះមហាវិមលធម្ម ពិន សែម ព្រះរាជាគណៈថ្នាក់ទោ និងជាព្រះចៅអធិការវត្តរាជបូណ៌ បានសម្រេចចិត្តចូលរួមជាអ្នកផ្តើមបុណ្យ សាមគ្គីគ្នាជួយផ្សព្វផ្សាយរៀបចំពិធីនេះ និងកៀរគរប្រមូលថវិកាតាមរយៈបណ្ដាញទំនាក់ទំនងរបស់ខ្លួនដោយមិនមានលក្ខខណ្ឌ។
បន្ថែមពីលើនេះ អ្នកឧកញ្ញ៉ា គិត ម៉េង ប្រធាន និងនាយកប្រតិបត្តិ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប (Royal Group of Companies) ក៏ដូចជាក្រុមហ៊ុនប្រតិបត្តិ ធនាគារ វីង (ខេមបូឌា) ម.ក និងក្រុមហ៊ុនទូរស័ព្ទចល័តសែលកាត នឹងសហការបង្កើតយុទ្ធសាស្ត្រផ្សព្វផ្សាយ និងរៃអង្គាសថវិកា ដើម្បីជួយដល់មន្ទីរពេទ្យ។
ឆ្នាំនេះ ជាលើកទីពីរហើយសម្រាប់ អ្នកឧកញ្ញ៉ា គិត ម៉េង និងលោកស្រី ម៉ៅ ចំណាន អគ្គនាយិកាប្រតិបត្តិការ នៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងធនាគារ វីង (ខេមបូឌា) ម.ក ដែលបានចូលរួមជាអ្នកផ្តើមបុណ្យផ្កានេះ។
លោកស្រី ម៉ៅ ចំណាន បានបង្ហាញទឹកចិត្តរបស់លោកស្រីយ៉ាងដូច្នេះថា «ក្នុងនាមជាម្តាយមួយរូប នៅពេលដែលកូនៗមានបញ្ហាសុខភាព អ្នកម្តាយតែងតែកើតក្តីបារម្ភគ្រប់ពេលវេលា ជាពិសេសនៅពេលកូនឈឺ និងពិបាកស្វែងរកកន្លែងព្យាបាលដែលទុកចិត្ត។ ហេតុដូចច្នេះហើយ ការផ្តួចផ្តើមប្រារព្ធពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីនេះ វានឹងអាចជួយដល់មន្ទីរពេទ្យកុមារអង្គរ បន្តផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃដល់កុមារបានកាន់តែប្រសើរឡើងថែមទៀត។ លើសពីនេះទៀត ការគាំទ្រឥតឈប់ឈរនេះ គឺមានតម្លៃមិនអាចកាត់ថ្លៃបានចំពោះមន្ទីរពេទ្យ»។
លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ ក៏បានមានប្រសាសន៍អំពាវនាវសុំឲ្យសប្បុរសជនខ្មែរទាំងក្នុង និងក្រៅប្រទេស បន្តចូលរួមតាមគ្រប់រូបភាព ដូចជាការចែករំលែកថវិកាផ្ទាល់ខ្លួនបរិច្ចាគមកកាន់ពិធីនេះ ឬជួយសែរផ្សព្វផ្សាយដំណឹងពិធីបុណ្យឲ្យកាន់តែអធិកអធមនៅតាមបណ្តាញសង្គម។
លោកក៏បានបញ្ជាក់ផងដែរថា «ថវិកាដែលទទួលបានពីការរៀបចំពិធីបុណ្យផ្កាប្រាក់នេះ គឺជាចំណែកដ៏សំខាន់បំផុតដើម្បីថែរក្សាដំណើរការផ្តល់សេវាពិនិត្យ ព្យាបាល ថែទាំ សង្គ្រោះជីវិតកុមារកម្ពុជា ប្រកបដោយគុណភាព ក្តីមេត្តាករុណា និងឥតគិតកម្រៃ នៅក្នុងមន្ទីរពេទ្យកុមារអង្គរ»។
សូមបញ្ជាក់ថា ឆ្នាំ២០២០កន្លងទៅនេះ មន្ទីរពេទ្យកុមារអង្គរ បានពិនិត្យ និងព្យាបាលកុមារបានចំនួន ៩៧, ០៦៩ករណី អប់រំបណ្តុះបណ្តាលមន្ត្រីសុខាភិបាល និស្សិតគិលានុបដ្ឋាក និស្សិតវេជ្ជសាស្ត្រ និងបុគ្គលិកមន្ទីរពេទ្យកុមារអង្គរបានចំនួន ៧៣,៩០៨នាក់ និងអប់រំសុខភាពតាមបណ្ដាភូមិ សាលារៀន មណ្ឌលសុខភាព និងក្នុងសហគមន៍បានចំនួន ៥៦,៧៤៧នាក់ គឺដោយសារតែមានការជួយជ្រោមជ្រែងពីសប្បុរសជនមកពីគ្រប់ទិសទី៕