(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ បានឧបត្ថម្ភឧបករណ៍តេស្តរហ័សជូនសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្រាប់ចូលរួមក្នុងប្រតិបត្តិការទប់ស្កាត់ជំងឺកូវីដ-១៩ ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងអាយុជីវិតរបស់ប្រជាជនកម្ពុជា។
នៅក្នុងពិធីប្រគល់ទទួលឧបករណ៍តេស្តរហ័សខាងលើ នាយឧត្តមសេនីយ៍ យន្ត មីន បានលើកឡើងថា នេះជាការរួមចំណែកក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាល និងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវដ១៩ ដល់ក្រុមគ្រូពេទ្យ ក្រុមបច្ចេកទេស និងក្រុមការងារពាក់ព័ន្ធក្នុងពេលចុះបំពេញបេសកកម្មចាក់វ៉ាក់សាំងជូនកងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងកម្មករនិយោជិតនៅតាមខេត្តនានា។
ឧត្តមសេនីយ៍ឯក ខៀវ ឆេន នាយកខុទ្ទកាល័យសម្តេចពិជ័យសេនា ទៀ បាញ់ សូមថ្លែងអំណរគុណនាយឧត្តមសេនីយ៍ យន្ត មីន ដែលបានឧបត្ថម្ភឧបករណ៍តេស្តរហ័សចំនួន ៥,០០០តេស្ត ជូនសម្តេចពិជ័យសេនា ទៀ បាញ់ បានទាន់ពេលវេលាក្នុងបរិបទកំពុងប្រយុទ្ធនឹងជំងឺកូវដ១៩ សំដៅបង្ការ គ្រប់គ្រង និងកាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ-១៩ ជាពិសេសពួកប្រភេទបំប្លែងថ្មី ឬប្រភេទផ្សេងៗទៀតដែលកំពុងកើត ឬអាចនឹងកើតមាននៅកម្ពុជាជាយថាហេតុណាមួយ។
ការប្រគល់ទទួលសម្ភារនាថ្ងៃនេះ គឺជាអំណោយដ៏សប្បុរសធម៌សម្រាប់ចូលរួមក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំងជូនកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ប្រជាពលរដ្ឋ កម្មករនិយោជិតនៅតាមបណ្តាខេត្តនានា ដែលកំពុងប្រតិបត្តិការនាពេលបច្ចុប្បន្ននេះ និងបន្តទៅមុខទៀត។ បន្ទាប់ពីទទួលបានសម្ភារៈនេះ ក្រសួងការពារជាតិនឹងផ្តល់ជូនក្រុមការងារ នៃអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់ប្រើប្រាស់ទៅតាមតម្រូវការចាំបាច់តាមលក្ខណៈបច្ចេកទេសសុខាភិបាល។
ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក ខៀវ ឆេន បានសម្តែងការកោតសរសើរចំពោះកាយវិការ ស្មារតីទឹកចិត្តដ៏សប្បុរសធម៌របស់នាយឧត្តមសេនីយ៍ យន្ត មីន ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការមនុស្សធម៌ និងសង្គម តាមរយៈការជួយឧបត្ថម្ភឧបករណ៍តេស្ករហ័សចំនួន ៥,០០០តេស្ត ជូនក្រសួងការពារជាតិ ការជួយឧបត្ថម្ភថវិកាទិញបំពាក់ក្នុងមណ្ឌលចត្តាឡីស័កខេត្តកោះកុង ការជួយថវិកា ឧបករណ៍ សម្ភារៈដល់ប្រជាពលរដ្ឋធ្វើចត្តាឡីស័ក សម្រាកព្យាបាលជំងឺកូវីដ-១៩ និងជួយគាំទ្រប្រជាពលរដ្ឋជួបគ្រោះមហន្តរាយព្រមទាំងកិច្ចការមនុស្សធម៌ សង្គមកិច្ចនៅខេត្តកោះកុង និងបណ្តាខេត្តផ្សេងៗមួយចំនួនទៀត៕