(តាកែវ-កំពត-កោះកុង)៖ ពេញមួយថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ដែលជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បាននាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ផ្ដល់ជូនលោកតា លោកយាយ ដែលមានអាយុចាប់ពី១០០ឆ្នាំដោយផ្ទាល់ដៃ ចំនួន៣រូប។
ក្នុងចម្ងាយរាប់រយគីឡូម៉ែត្រ ផ្ដើមចេញពីរាជធានីភ្នំពេញ លោកស្រី ឱ វណ្ណឌីន បាននាំយកនូវអំណោយនេះ ផ្ដល់ជូនលោកតា លោកយាយ នៅខេត្តតាកែវ, ខេត្តកំពត និងខេត្តកោះកុង ក្នុងនោះរួមមាន៖
* ទី១៖ លោកយាយ ផាត់ ញ៉ែម អាយុ១០០ឆ្នាំ រស់នៅភូមិជ្រែ ឃុំជីខ្នា ស្រុកទ្រាំង ខេត្តតាកែវ
* ទី២៖ លោកតា កូវ ឯម អាយុ១០១ឆ្នាំ រស់នៅភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត
* ទី៣៖ លោកយាយ ហុង ឡាច អាយុ១០០ឆ្នាំ រស់នៅភូមិទី២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ថ្លែងក្នុងឱកាសប្រគល់អំណោយជូនលោកតា លោកយាយនោះ លោកស្រី ឱ វណ្ណឌីន តែងតែបាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនលោកតា លោកយាយ ព្រមទាំងបានជម្រាបសាកសួរអំពីស្ថានភាពសុខភាពរបស់ពួកគាត់ ក្រោយពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ផងដែរ។
លោកតា លោកយាយ បើទោះបីអាយុ១០០ឆ្នាំក៏ពិតមែន ប៉ុន្ដែស្ថានភាពសុខភាពនៅមាំទាំ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលបានខិតខំប្រឹងប្រែងស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ ដើម្បីបង្ការជំងឺកូវីដ១៩ ហើយពួកគាត់ផ្ទាល់ក៏បានទទួលនូវវ៉ាក់សាំងនេះ បូកទាំងអំណោយរបស់សម្ដេចថែមទៀត។
ឆ្លើយនឹងសំណួររបស់លោកស្រី ឱ វណ្ណឌីន ពាក់ព័ន្ធស្ថានភាពសុខភាពក្រោយចាក់វ៉ាក់សាំងនេះ លោកតា លោកយាយទាំង៣រូប បានរៀបរាប់ថា សុខភាពរបស់ពួកគាត់ គឺល្អប្រសើរទាំងអស់មិនមានអ្វីខុសប្លែកនោះទេ ពោលធម្មតាទាំងអស់ទាំងការហូបចុក និងការស្នាក់នៅប្រចាំថ្ងៃ។
អ្វីដែលជាការចាប់អារម្មណ៍នោះ លោកយាយម្នាក់ អាយុ១០០ឆ្នាំ រស់នៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រួចរាល់ទាំង២ដូសនោះ បានអះអាងថា ជំងឺឈឺចង្កេះស្ទើរក្រោកពីដំណេកមិនរួច និងចុងដៃ ចុងជើងរ៉ាំរ៉ៃរបស់លោកយាយ ស្រាប់តែបាត់ទៅវិញ ក្រោយបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ។
លោកយាយ ហុង ឡាច បានឲ្យដឹងថា កាលពីពេលកន្លងទៅ លោកយាយមានជំងឺប្រចាំកាយ គឺឈឺចង្កេះ និងចុកសន្លាក់ដៃ សន្លាក់ជើងដែលពេលខ្លះមិនអាចសម្រាន្ដលក់នោះទេ ប៉ុន្ដែជំងឺប្រចាំកាយមួយនេះស្រាប់តែបាត់ទៅវិញ បន្ទាប់ពីលោកយាយបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រួចរាល់។
លោកយាយបានបន្ដទៀតថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក៏មិនបានទុកក្នុងរាង្គកាយនោះទេ ផ្ទុយលោកយាយសប្បាយចិត្តខ្លាំងណាស់ នៅពេលរាជរដ្ឋាភិបាលអនុញ្ញាតឲ្យលោកយាយបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ លោកយាយថា នៅពេលទាន់បានចាក់ លោកយាយមានការព្រួយបារម្ភពីការឆ្លងជំងឺដ៏កាចសាហាវមួយនេះខ្លាំងណាស់ មិនហ៊ានធ្វើដំណើរទៅណាមកណានោះទេ។
សូមជម្រាបថា កាលពីចុងសប្ដាហ៍កន្លងទៅ លោកស្រី ឱ វណ្ណឌីន ក៏បានដឹកនាំក្រុមការងារធ្វើដំណើរខ្ទង់ពាន់គីឡូម៉ែត្រផងដែរ ទាំងយប់ទាំងថ្ងៃ ដើម្បីយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ផ្ដល់ជូនលោកតា លោកយាយ ដែលមានអាយុចាប់ពី១០០ឆ្នាំ ហើយពួកគាត់បានស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅខេត្តកំពង់ឆ្នាំង, ពោធិ៍សាត់, សៀមរាប, ព្រះវិហារ និងខេត្ដកំពង់ធំ៕