(ព្រៃវែង)៖ កម្លាំងអាវុធហត្ថ នៃមន្ទីរយុត្តិធម៌ខេត្តព្រៃវែង សហការជាមួយកម្លាំងអាវុធហត្ថ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង នៅល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦នេះ បានចុះទៅបង្ក្រាបទីតាំងល្បែងកន្ទុយលេខ ដុះស្លែមួយកន្លែង ស្ថិតនៅផ្ទះឈ្មោះ ឈៀង ចាន់ថេត ក្នុងភូមិស្រឡូង ឃុំក្តឿងរាយ ដោយឃាត់ខ្លួនមនុស្សញៀនល្បែងចំនួន៧នាក់ ព្រមទាំងដកហូតវត្ថុតាងមួយចំនួនទៀត។
មេបញ្ជាការអាវុធហត្ថខេត្តព្រៃវែង លោកឧត្តមសេនីយ៍ ម៉ែន ស៊ីប៊ន បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះថា មនុស្សទាំង៧នាក់រួមមាន ទី១-ឈ្មោះ ឈៀង ចាន់ថេត ភេទស្រី អាយុ៦០ឆ្នាំទី២-ឈ្មោះ ហម ហៀន អាយុ៦៤ឆ្នាំ (ទាំងពីរនាក់ជាប្តីប្រពន្ធ ដែលជាមេកន្ទុយលេខ) ទី៣-ឈ្មោះ ចឺក ផារី ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិសាឡូង ទី៤-ឈ្មោះ ប៉ាន់ សារឿន ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិព្រៃស្វាយឃុំចុងអំពិល ទី៥-ឈ្មោះ វង សាអែម ភេទស្រី អាយុ២៩ឆ្នាំ រស់នៅភូមិកណ្តាច់ ឃុំចុងអំពិល ទី៦-ឈ្មោះ ឈឿន សុឃា ភេទស្រីអាយុ៤៥ឆ្នាំ រស់ភូមិល្ងើន ឃុំក្តឿងរាយ និងទី៧-ឈ្មោះ ហម ហៃ ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិស្រឡូង ដែលពួកគេទាំង៥នាក់គឺជាកូនកញ្ច្រែង (អ្នកដើរលក់ឆ្នោត)។
បើតាមលោកឧត្តមសេនីយ៍ ក្រោយចុះបង្ក្រាបនេះកម្លាំងអាវុធហត្ថបានដកហូត វត្ថុតាងរួមមាន៖ ក្រដាស់កន្ទុយលេខចំនួន៥៤០០សន្លឹក ម៉ាស៊ីនហ្វូតូកូពីចំនួន១គ្រឿង ម៉ូតូចំនួនគ្រឿង។ នៅពេលនេះ មនុស្សទាំង៧នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្ត កំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់ ប៉ុន្តែក៏មានសេចក្តីរាយការណ៍ថា មានអ្នករត់ការផងដែរ ទៅស្ថាប័នតុលាការ ដើម្បីឲ្យដោះលែងជនទាំងនេះ៕