(កោះកុង)៖ លោកយាយម្នាក់ អាយុ១០០ឆ្នាំ រស់នៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រួចរាល់ទាំង២ដូសនោះ បានអះអាងថា ជំងឺឈឺចង្កេះស្ទើរក្រោកពីដំណេកមិនរួច និងចុងដៃ ចុងជើងរ៉ាំរ៉ៃរបស់លោកយាយ ស្រាប់តែបាត់ទៅវិញ ក្រោយបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ។
លោកយាយ ហុង ឡាច បានឲ្យដឹងថា កាលពីពេលកន្លងទៅ លោកយាយមានជំងឺប្រចាំកាយ គឺឈឺចង្កេះ និងចុកសន្លាក់ដៃ សន្លាក់ជើងដែលពេលខ្លះមិនអាចសម្រាន្ដលក់នោះទេ ប៉ុន្ដែជំងឺប្រចាំកាយមួយនេះស្រាប់តែបាត់ទៅវិញ បន្ទាប់ពីលោកយាយបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រួចរាល់។
លោកយាយបានបន្ដទៀតថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក៏មិនបានទុកក្នុងរាង្គកាយនោះទេ ផ្ទុយលោកយាយសប្បាយចិត្តខ្លាំងណាស់ នៅពេលរាជរដ្ឋាភិបាលអនុញ្ញាតឲ្យលោកយាយបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ លោកយាយថា នៅពេលទាន់បានចាក់ លោកយាយមានការព្រួយបារម្ភពីការឆ្លងជំងឺដ៏កាចសាហាវមួយនេះខ្លាំងណាស់ មិនហ៊ានធ្វើដំណើរទៅណាមកណានោះទេ។
ការលើកឡើងរបស់លោកយាយបែបនេះ ក្នុងឱកាសលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ដែលជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស នាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ប្រគល់ជូននៅល្ងាចថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ។
លោកយាយ ហុង ឡាច បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំចាក់វ៉ាក់សាំងហើយអត់មានធ្វើទុកអី ចាក់ហើយយូរថ្ងៃទៅខ្ញុំក៏បាត់ចុកសន្លាក់ដៃជើង ដែលពីមុនចុងមួយយប់ៗ ខ្ញុំអត់សម្រាន្ដលក់ទេ ដល់ឥលូវខ្ញុំជាអត់អី»។
បន្ទាប់ពីរៀបរាប់ចប់អំពីស្ថានភាពសុខភាពប្រចាំថ្ងៃហើយនោះ លោកយាយដែលមានអាយុ១០០ឆ្នាំរូបនេះ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ឱកាសជូនលោកយាយអាចបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ហើយថែមទាំងឧបត្ថម្ភនូវថវិកា និងគ្រឿងឧបភោគបរិភោគថែមទៀតផង។
គួរជម្រាបថា កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ម្សិលមិញ ក្នុងពិធីប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យ សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់ក្រសួងសុខាភិបាល ពិសេសក្រុមការងារស្រាវជ្រាវ ត្រូវស្រាវជ្រាវករណីអ្នកដែលចាក់វ៉ាក់សាំងហើយ ស្រាប់តែជាជំងឺប្រចាំកាយដូចលោកយាយ ហុង ឡាច ផងដែរ៕