(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ បានចេញផ្សាយនូវសេចក្តីណែនាំមួយស្តីពីការអនុវត្តន៍យុទ្ធនាការជាតិ ក្រោមប្រធានបទ «រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ១៩»។
សេចក្តីណែនាំដែលមានកម្រាស់៣៤ទំព័រនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗចំនួន៤រួមមាន៖ ១៖ បង្កើនការចូលរួមរបស់បុគ្គល គ្រួសារ ជាពិសេសស្ត្រី ក្នុងការអនុវត្តវិធានការ «៣ការពារ និង ៣កុំ», ២៖ លើកកម្ពស់គុណតម្លៃសង្គម និងសាមគ្គីភាពសង្គម ក្នុងការរួមចំណែកទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩, ៣៖ បង្កើនការចូលរួមអំពីស្ថាប័នពាក់ព័ន្ធ ជាពិសេសស្ថាប័នឯកជនក្នុងការទទួលខុសត្រូវអនុវត្តន៍វិធានការ NPIs (សេវាកម្មមានសុវត្ថិភាព ទីកន្លែងធ្វើការមានសុវត្ថិភាព) និងទី៤៖ បង្កើនការទទួលខុសត្រូវរបស់អាជ្ញាធរ សហគមន៍ ក្នុងការជំរុញការចូលរួមរបស់សហគមន៍ក្នុងការតាមដានការអនុវត្តវិធានការសុខាភិបាល និងការអន្តរាគមន៍ផ្សេងៗនៅក្នុងតំបន់។
ជាមួយនឹងការចេញផ្សាយនូវសេចក្តីណែនាំនេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានស្នើទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីនៅតាមក្រសួងស្ថាប័នពាក់ព័ន្ធនានា ព្រមទាំងអភិបាលរាជធានី-ខេត្តទាំង២៥ ចូលរួមអនុវត្តយុទ្ធនាការ អប់រំ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលប្រជាពលរដ្ឋ ក្រោមប្រធានបទ «រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ១៩» ដើម្បីជំរុញការទទួលខុសត្រូវរបស់បុគ្គល គ្រួសារ សហគមន៍ ស្ថាប័នពាក់ព័ន្ធ។ ជាពិសេសសេវាឯកជន អាជ្ញាធរមូលដ្ឋាន រួមគ្នាទទួលខុសត្រូវក្នុងស្មារតីសាមគ្គីភាព ដើម្បីកាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ១៩ ព្រមទាំងរស់នៅជាមួយនឹងវីរុសកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មីឱ្យបានត្រឹមត្រូវ។
ក្នុងលិខិតជូនទៅទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងស្ថាប័នពាក់ព័ន្ធរបស់រដ្ឋ ក៏ដូចជាអភិបាលរាជធានី-ខេត្តនោះ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានគូសរំលេចដែរថា យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីវិធានការការពារជំងឺកូវីដ-១៩ បានធ្វើឡើងយ៉ាងច្រើនក្នុងរយៈពេលកន្លងមក។ ប៉ុន្តែសកម្មភាពទាំងអស់នោះមិនទាន់គ្រប់គ្រាន់សម្រាប់ឆ្លើយតបទៅនឹងស្ថានភាពនៃការចម្លងវីរុសកូវីដ-១៩ នាបច្ចុប្បន្ន។ ដូច្នេះការរៀបចំបន្តយុទ្ធនាការដែលមានលក្ខណៈផ្តោតចំពោះ និងមានកិច្ចសហការរវាងភាគីពាក់ព័ន្ធទាំងអស់ ដោយល្អិតល្អន់ និងសម្រុកក្នុងពេលតែមួយចាប់ពីពេលនេះតទៅ គឺមានសារសំខាន់បំផុត ដើម្បីឈានទៅសម្រេចបានការផ្លាស់ប្ដូរឥរិយាបថរបស់ប្រជាជនក្នុងការរស់នៅតាមបែបគន្លងថ្មីជាមួយ វីរុសកូវីដ-១៩ ។
លោករដ្ឋមន្ត្រី ក៏បានស្នើសុំទៅថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលរាជធានី-ខេត្ត ចូលរួមជំរុញយុទ្ធនាការពញ្ញាក់ស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវរបស់ភាគីពាក់ព័ន្ធក្រោមសមត្ថកិច្ចរបស់ខ្លួន ចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ដោយរៀបចំសកម្មភាពសំខាន់ៗតាមសេចក្តីណែនាំយុទ្ធនាការនេះដោយស្មារតីទទួលខុសត្រូវខ្ពស់៕