(ព្រៃវែង)៖ ក្រោយពេលរកឃេីញអ្នកឆ្លងមេរោគកូវីដ១៩ បំប្លែងថ្មី Delta ចំនួន ២នាក់ នៅក្នុងខេត្តរួចមក លោក ជា សុមេធី អភិបាលខេត្តព្រៃវែង នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំទីតាំងផលិត និងដាក់អុកស៉ីសែនសម្រាប់ត្រៀមព្យាបាលអ្នកជំងឺកូវីដ-១៩ Delta នេះ និងការងារចាំបាច់មួយចំនួនផ្សេងទៀត នៅសាលប្រជុំសាលាខេត្តព្រៃវែង។
ក្នុងកិច្ចប្រជុំនោះ លោកវេជ្ជបណ្ឌិត សេង បញ្ញាឫទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង បានលើកឡើងថា ចំពោះទីតាំងដាក់អុកស៉ីសែនសម្រាប់ត្រៀមព្យាបាលអ្នកជំងឺកូវីដ-១៩ ប្រភេទ Delta នេះ គឺមន្ទីរសុខាភិបាលខេត្តបានសិក្សាថានឹងដាក់នៅបរិវេណមន្ទីរសុខាភិបាលតែម្ដង។
ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែងរូបនេះបានបន្តថា ចំពោះទីតាំងដែលត្រូវដាក់អុកស៉ីសែននេះ គឺត្រូវដាក់នៅកន្លែងដែលមានខ្យល់បរិសុទ្ធល្អ បរិស្ថានស្អាត។
លោកអភិបាលខេត្ត ជា សុមេធី បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវខិតខំបន្តទៀត ដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងនៃជំងឺដ៏កាចសាហាវមួយនេះនៅក្នុងខេត្តព្រៃវែង។
លោកអភិបាលខេត្តក៏បានណែនាំឲ្យអាជ្ញាធរស្រុកនីមួយៗត្រូវសិក្សារកទីតាំងកន្លែងណាមួយឲ្យសមស្រប ដើម្បីធ្វើជាកន្លែងបូជាសពអ្នកដែលស្លាប់ដោយសារជំងឺកូវី១៩ និងបង្កលក្ខណៈងាយស្រួលក្នុងការបូជាសពអ្នកដែលស្លាប់ដោយសារជំងឺកូវីដ កាត់បន្ថយក្នុងការដឹកជញ្ជូនមកបូជានៅខេត្ត ដែលចំណាយពេលវេលាយូ នឹងឆ្ងាយផងដែរ។
សូមបញ្ជាក់ថា ចំពោះករណីរកឃើញវិជ្ជមានជំងឺកូវីត១៩ ប្រភេទ Delta ក្នុងខេត្តព្រៃវែង គឺរកឃើញទៅលើពលករដែលមកពីប្រទេសថៃចំនួន ២ នាក់ ដែលស្ថិតនៅក្នុងស្រុកពារាំង និងស្រុកមេងសាង។
បើគិតត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ៤,៣៨៩នាក់ បានព្យាបាល ជាសះស្បើយ ៣,២១២នាក់ កំពុងសំរាកព្យាបាល ១,១០១នាក់ និងស្លាប់ ៧៦នាក់៕